ការសិក្សាគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត-ទល់ដែនវៀតណាម ចប់សព្វគ្រប់ហើយ

ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីចំណុចបំបែកពីផ្លូវជាតិលេខ៣ នៃទីរួមខេត្តកំពត ទៅព្រំដែនកម្ពុជាវៀតណាមព្រែកចាក បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។

ការពិនិត្យ និងវាយតម្លៃ លើរបាយការណ៍នេះ នឹងដឹកនាំដោយក្រសួងបរិស្ថាន ហើយផ្តោតទៅលើផលប៉ះពាល់បរិស្ថាន និងសង្គម។ ក្រោយការសិក្សាអនុម័ត គម្រោងស្ដារផ្លូវជាតិលេខ៣៣ នឹងត្រូវអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមផែនការ គម្រោងលើកកម្រិតផ្លូវជាតិលេខ៣៣ នេះ មានប្រវែងសរុប ៥២ គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត (គីឡូម៉ែត្រ ១៤៨+១០០) ទៅលើព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ២០ មេសា នេះថា៖«គម្រោងនេះគឺជាការពង្រីក និងលើកកម្ពស់ផ្លូវ ដោយក្រុមហ៊ុនចិនទទួលបានសិទ្ធិការសិក្សា។ ឥឡូវសិក្សាចប់ គឺត្រូវដាក់របាយការណ៍ជូនរដ្ឋាភិបាលពិនិត្យ និងវាយតម្លៃ»។

ទោះយ៉ាងណាក្ដី ឯកឧត្តមមិនបានបញ្ជាក់ពីថវិកាប៉ាន់ស្មានសម្រាប់អនុវត្តគម្រោងនេះឡើយ។ ប៉ុន្តែបើយោងតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន កាលពីខែតុលា ឆ្នាំ ២០២០ កន្លងទៅ ផ្លូវនេះនឹងសាងសង់ឡើងក្រោមកម្ចីពីប្រទេសចិន ព្រមជាមួយនឹងផ្លូវជាតិ ២ខ្សែទៀត។ (អានបន្ថែម)

សម្ដេច បានមានប្រសាសន៍ថា៖ «ខ្ញុំសម្រេចបានគម្រោង ៣ សុំលុយពីចិនទៀតហើយ ព្រោះចរចាត្រូវថ្លៃហើយ។ ទី១ គឺផ្លូវជាតិលេខ ៤១ តភ្ជាប់លេខ ៤ ទៅកំពត ទី២ គឺផ្លូវជាតិលេខ ៣១ នៅកំពត និងទី៣ ផ្លូវជាតិលេខ៣៣ នៅខេត្តកំពតទៀត។ អាហ្នឹងយើងបានឯកភាពគ្នាហើយ យើងបានប្រថាប់ត្រាហើយ បើឯកឧត្តម អូន ពន្ធមុន្នីរ័ត្ន ចុះហត្ថលេខាហើយ យើងធ្វើតែម្តង»។

គួរបញ្ជាក់ថា ក្រុមហ៊ុនទទួលសិទ្ធិសិក្សាគម្រោងនេះ គឺ China Road and Bridge Corporation ហើយក្រុមហ៊ុនផ្តល់ប្រឹក្សាគឺ Sawac Consultants (Cambodia) Co Ltd។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]