ការស្ថាបនាផ្លូវជាតិលេខ៥៨ សម្រេចបាន ៦៣ភាគរយហើយ
ការអភិវឌ្ឍន៍ផ្លូវជាតិលេខជាតិលេខ៥៨ កំពុងប្រព្រឹត្តិទៅយ៉ាងរលូន ហើយគ្រោងនឹងបើកឲ្យធ្វើចរាចរនៅខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។
ផ្លូវថ្មីដែលកំពុងសាងសង់នេះ នឹងជមុ្រញកំណើនសេដ្ឋកិច្ចនៅទីជនបទជិតព្រំដែនជាមួយប្រទេសថៃ ដោយតភ្ជាប់ចេញពីខេត្តបន្ទាយជ័យ ទៅខេត្តឧត្តរមានជ័យ ដែលជាប់នឹងព្រំដែនប្រទេសថៃ។ គម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co., Ltd. ហើយគ្រោងនឹងចំណាយ ១២២លានដុល្លារអាមេរិក ដើម្បីបញ្ចប់ការសាងសង់។
ផ្លូវជាតិលេខ៥៨ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០១៥ មានប្រវែងសរុប ១៧៤,៤៧៨គម និងទទឹង ១២ម ហើយបើតាមឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នការងារស្ថាបនាផ្លូវនេះសម្រេចបាន ៦៣ភាគរយហើយ។
“ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ក្នុងន័យជម្រុញការវិនិយោគលើវិស័យពាណិជ្ជកម្ម មិនតែប៉ុណ្ណោះវាថែមទាំងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងស្រុកចំពោះការធ្វើដំណើរ និងដឹកជញ្ជូនប្រកបដោយភាពងាយស្រួល និងឆាប់រហ័សផងដែរ។” នេះបើតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងការចុះត្រួតពិនិត្យការដ្ឋានសាងសង់នាសប្តាហ៍ដំបូងនៃខែកញ្ញានេះ។
កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងនេះ ក្រសួងដឹកជញ្ជូនក៏បានប្រកាសផងដែរថាការសាងសង់ស្ពានស្ទឹងបត់-ណង អាច នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០១៨ ខាងមុខ ហើយស្ពានថ្មីនេះនឹងតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅស្រុកបានណងអៀង ក្នុងខេត្តសាកែវ ប្រទេសថៃ។
បើតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញឲ្យដឹងថា មានប្រមាណ ៧០ភាគរយនៃការសាងសង់ស្ពាន និងផ្លូវថ្មីៗទាំងអស់នៅកម្ពុជាទទួលបានកម្ចីពីប្រទេសចិន ដោយមានចំនួនសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក។ របាយការណ៍ដដែលបានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានផ្លូវជាតិសរុបប្រវែងជាង ១១ពាន់គីឡូម៉ែត្រ និងផ្លូវក្នុងទីរួមខេត្ត-ក្រុងប្រវែងសរុបប្រមាណជាង ៤.៤០៧គីឡូម៉ែត្រ។
ឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីដើមខែ សីហា កន្លងមកនេះថា កម្ពុជាចំណាយប្រមាណជាង២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់តំហែទាំលើការជួសជុលបណ្តាញផ្លូវនៅទូទាំងប្រទេស៕
- Video Advertisement -