ការស្វែងយល់ពីការវិនិយោគ ៖ ដំណើរការផ្តល់ជូនលិខិតអនុញ្ញាតសាងសង់
ការអនុញ្ញាតសាងសង់អគារ (“លិខិតអនុញ្ញាតសាងសង់”) ត្រូវបានគ្រប់គ្រងជាចម្បងដោយអនុក្រឹត្យលេខ ៨៦ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៩៧។

នៅក្រោមអនុក្រឹត្យនេះ បុគ្គលទាំងអស់ អង្គភាពសាធារណៈ ឬឯកជន មានសិទ្ធិសាងសង់អគារនៅលើដីដែលជាកម្មសិទ្ធិរបស់ពួកគេ។ ការសាងសង់ទាំងអស់ (ការសាងសង់ថ្មី ការសាងសង់ឡើងវិញ ការកែលម្អខ្នាតធំ ការពង្រីក និងការបន្ថែមជាន់នៃអគារលើអគារដែលមានស្រាប់ នៅក្នុងទីក្រុង ឬទីប្រជុំជនខេត្ត ត្រូវមានលិខិតអនុញ្ញាតសាងសង់។ គម្រោងសាងសង់ដែលមិនទាមទារឲ្យមានលិខិតអនុញ្ញាតសាងសង់ គឺអគារលំនៅឋានតូចៗដែលមានទីតាំងនៅតំបន់ជនបទ ព្រមទាំងការថែទាំ និងការជួសជុល ដែលមិនមានការកែប្រែរចនាសម្ព័ន្ធ ឬ លក្ខណៈនៃអគារ។
រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត មានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់ទាំងអស់ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ លិខិតអនុញ្ញាតសាងសង់មួយចំនួនស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃសិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល (គណៈកម្មាធិការជាតិរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)។ ការសាងសង់ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិនេះ គឺអគារឧស្សាហកម្ម និងពាណិជ្ជកម្មដែលមានទំហំធំជាង ៣០០០ម៉ែត្រការ៉េ សណ្ឋាគារ ព្រលានយន្តហោះនិងកំពង់ផែ ស្ថានីយរថភ្លើង និងរថយន្ត អគារដែលត្រូវបានចាត់ថ្នាក់ជាបេតិកភណ្ឌជាតិ និងគម្រោងសាងសង់ធំៗផ្សេងទៀត។
គ្មានការចេញជូននូវលិខិតអនុញ្ញាតសាងសង់នោះទេ ប្រសិនបើមិនគោរពតាមប្លង់មេ ប្លង់ប្រើប្រាស់ដី ឬវិធាននៃការប្រើប្រាស់ដីទូទៅ។ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ត្រូវដាក់ជូនទៅផ្នែកលិខិតអនុញ្ញាតសាងសង់នៅក្រោមការិយាល័យក្រុង ឬខេត្ត ដែលគម្រោងការសាងសង់នោះមានទីតាំងស្ថិតនៅ។ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ត្រូវចុះហត្ថលេខាដោយម្ចាស់ដី និងអ្នករចនាគម្រោងដែលជាស្ថាបត្យករកម្ពុជាមានអាជ្ញាប័ណ្ណពីគណៈកម្មាធិការគ្រប់គ្រងស្ថាបត្យកររបស់ប្រទេស។
អំឡុងពេលសម្រាប់ការសម្រេចលើលិខិតអនុញ្ញាតសាងសង់ គឺមានរយៈពេលកំណត់ ៤៥ថ្ងៃនៃថ្ងៃធ្វើការ។ រយៈពេលនេះត្រូវរាប់ពីថ្ងៃដែលឯកសារតម្រូវទាំងអស់សម្រាប់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ត្រូវបានផ្តល់ជូន។ អ្នកដាក់ពាក្យស្នើសុំនឹងត្រូវបានជូនដំណឹងពីការសម្រេចនេះ ថាតើវាទទួលបានការយល់ព្រម ឬបដិសេធដោយផ្អែកលើព័ត៌មាននៅក្នុងពាក្យស្នើសុំ។ ប្រសិនបើមានការកែប្រែដែលតម្រូវដោយអាជ្ញាធរ រយៈពេល ៤៥ថ្ងៃថ្មីនឹងត្រូវបានរាប់ពីថ្ងៃដែលពាក្យស្នើសុំដែលបានកែសម្រួលឡើងវិញត្រូវបានដាក់ចូលមក។ ការបដិសេធផ្តល់ជូនលិខិតអនុញ្ញាតសាងសង់ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំ។ ប្រសិនបើយល់ព្រម លិខិតអនុញ្ញាតសាងសង់ត្រូវបញ្ជូនទៅអ្នកស្នើសុំដោយអាជ្ញាធរដែលផ្តល់ការអនុញ្ញាតនោះ។
© Sciaroni & Associates 2017

អំពីអ្នកនិពន្ធ:
សិរីរ័ត្នគិរី សហការីនៅការិយាល័យ Sciaroni & Associates ។ សិរីរ័ត្នមានសញ្ញាបត្រអនុបណ្ឌិតច្បាប់ (LL.M.) នៅក្នុងច្បាប់អាស៊ី, ពាណិជ្ជកម្មសកល និងការអភិវឌ្ឍន៍អន្តរជាតិប្រកបដោយនិរន្តរភាព ពីសាកលវិទ្យាល័យវ៉ាស៊ីនតោនផ្នែកច្បាប់ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ មុនចូលនៅក្នុង Sciaroni & Associates សិរីរ័ត្នជាសហការីនៅក្នុងអង្គភាពច្បាប់ជាច្រើនក្នុងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដូចជា សាលាក្តីខ្មែរក្រហម សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងជាក្រុមកម្ពុជាដំបូងគេដែលបានចូលរួមក្នុងអាជ្ញាកណ្តាលពាណិជ្ជកម្មអន្តរជាតិ Willem C. Vis Moot នៅប្រទេសអូទ្រីស ការប្រឹក្សាយោបល់និងសេវាកម្មបង្អែកនៅអាស៊ី និងជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅក្នុងទីក្រុង Seattle។ បច្ចុប្បន្នគាត់ជាបេក្ខជនសម្រាប់គណៈមេធាវីនៅរដ្ឋញូវយ៉ក។ គាត់និយាយភាសាអង់គ្លេស ភាសាចិនកុកងឺ ភាសាខ្មែរ និងភាសាថៃខ្លះៗ។
- Video Advertisement -