ការស្វែងរកទុនសាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្រចេះ-កំពង់ធំ អាចពន្យារទៅឆ្នាំ២០២៣ ទោះសិក្សាចប់ហើយក្ដី

ការស្វែងរកប្រភពទុនពីដៃគូអភិវឌ្ឍន៍ពោលគឺប្រទេសចិន សម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេ តភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តក្រចេះ អាចនឹងត្រូវពន្យារទៅឆ្នាំ២០២៣ខាងមុខ ទោះការការសិក្សាគម្រោងបានបញ្ចប់មួយរយៈក្ដី។

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្លាតរយៈពេលនៃការចរចាលើការស្វែងរកហិរញ្ញប្បទានអនុវត្តគម្រោងនេះ គឺផ្អែកទៅលើគម្រោងអតិភាព។

ឯកឧត្តម ថ្លែងថា៖ “ធម្មតារយៈពេល៥ឆ្នាំម្តង យើងដាក់ផែនការមេទៅក្នុងក្របខណ្ឌនៃ គម្រោងយុទ្ធសាស្រ្តផ្លូវ និងខ្សែក្រវ៉ាត់របស់ចិន អីចឹង យើងមានលំដាប់អតិភាព លើកលែងតែយើង ឬមួយអន្តរាគមន៍ពី ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែមួយឆ្នាំ យើងអាចធ្វើបានតែពីរ ឬបីគម្រោងទេ”។

កាលពីខែមិថុនា ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថាគម្រោងនេះបានសិក្សាចប់សព្វគ្រប់ និងឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហានបន្ទាប់ គឺការដាក់សំណើគម្រោងទៅកាន់រដ្ឋាភិបាលចិនដើម្បីសុំប្រាក់កម្ចី ក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះនេះ មានប្រវែង សរុប ១៧៦១ ម៉ែត្រ ដោយបើតាមផែនការដំបូងគឺគ្រោងសាងសង់នៅឆ្នាំ ២០២១ ប៉ុន្តែអាចនឹងត្រូវពន្យារដោយត្រូវប្រើពេលស្វែករកទុន។ (អានបន្ថែម)

ចំពោះទីកន្លែងចំណុចសាងសង់ គឺមិនទាន់ច្បាស់ការនៅឡើយទេ។ ប៉ុន្តែមានព័ត៌មានលើកឡើងថា ប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]