កូរ៉េកំពុងស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគបង្កើតសួនបច្ចេកវិទ្យានៅកម្ពុជា
មជ្ឈមណ្ឌលនវានុវត្តន៍កូរ៉េ Gyeongbuk Technopark មានបំណងសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីវិនិយោគបង្កើតសួនបច្ចេកវិទ្យានៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងលោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark កាលពីថ្ងៃទិ២៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោក Minjae Joung បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលរបស់លោកមានឯកទេសក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា។ ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជាក្នុងគោលបំណងស្វែងយល់ពីវិស័យវិនិយោគជាអាទិភាពរបស់ប្រទេសពីសាធារណរដ្ឋកូរ៉េ។
លោកបានសង្កត់ធ្ងន់ថា ជំនាញនៃមជ្ឈមណ្ឌលបច្ចេកទេស Gyeongbuk Technopark មានភាពសមស្របទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាសុខភាព និងបច្ចេកវិទ្យាបៃតង។ លើសពីនេះ លោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការបង្កើតមជ្ឈមណ្ឌលផលិត និងធ្វើតេស្តឧបករណ៍វេជ្ជសាស្ត្រ ដើម្បីបង្កើនបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ឌី បានកត់សម្គាល់ថា ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរពីការក្លាយជាប្រទេសប្រើប្រាស់បច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា។ លោកបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសក្ដានុពលក្នុងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលអាចគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងផលិតកម្មសំដៅនាំចេញ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មជ្ឈមណ្ឌល Gyeongbuk Technopark ឱ្យពិចារណាផ្លាស់ប្តូរទិសដៅការវិនិយោគរបស់កូរ៉េខាងបច្ចេកវិទ្យាពីប្រទេសផ្សេងៗមកកម្ពុជា។ លោកបានចង្អុលបង្ហាញថា ខណៈពេលដែលប្រទេសកម្ពុជាជាទីផ្សារតូច វាទទួលបានអត្ថប្រយោជន៍ពីការចូលទៅកាន់ទីផ្សារអាស៊ាន ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដែលពាក់ព័ន្ធនឹងប្រទេសដូចជាប្រទេសចិន កូរ៉េ និងប្រទេសផ្សេងទៀតមកពីមជ្ឈិមបូព៌ា។
លើសពីនេះ ឯកឧត្តម ហែម វណ្ឌី បានជំរុញឱ្យមជ្ឈមណ្ឌលប្រើប្រាស់យន្តការវិនិយោគផ្លូវការ និងស្វែងរកដៃគូក្នុងស្រុកដែលអាចជឿទុកចិត្តបាន ដោយធានាថា ក្រសួងត្រៀមខ្លួនជាស្រេចក្នុងការសហការ និងសម្រួលដំណើរការនេះ។
Gyeongbuk Technopark គឺជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគាំទ្រដល់ការរីកចម្រើននៃឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា តាមរយៈការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងកិច្ចសហការរវាងវិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងទីភ្នាក់ងាររដ្ឋាភិបាល។
- Video Advertisement -