កូរ៉េខាងត្បូង បើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃនៅប៊ូសានជាមួយមេដឹកនាំអាស៊ាន
កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួននឹងកសាង “ទីក្រុងឆ្លាតវៃ” ដំបូងបង្អស់របស់ខ្លួននៅក្នុងទីក្រុងកំពង់ផែប៊ូសានក្នុងឆ្នាំ ២០២៤ ដែលហេដ្ឋារចនាសម្ព័ន្ធ និង ការប្រមូលទិន្នន័យធំៗនឹងត្រូវបានគ្រប់គ្រងដោយឧបករណ៍ចាប់សញ្ញាតាមរយៈអ៊ីនធឺណិត ឬ internet of things sensors។ នេះបើតាមទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ចុះផ្សាយកាលពីថ្ងៃទី២៤ វិច្ឆិកា។
ប្រធានាធិបតីមូន ជេអ៊ីនបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃនៅប៊ូសាន ឬ (Busan Eco Delta Smart City) រួមជាមួយមេដឹកនាំអាស៊ានដទៃទៀតក្នុងអំឡុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន – សាធារណរដ្ឋកូរ៉េនៅទីក្រុងប៊ូសាន។
លោកប្រធានាធិបតីកូរ៉េខាងត្បូងបានមានប្រសាសន៍ថា “គោលបំណងនៃការបង្កើតទីក្រុងថ្មីបែបនេះនៅពេលអនាគត គឺដើម្បីដោះស្រាយបញ្ហាទីក្រុង និង ប្រើវាជាឧបករណ៍ ប្រកបដោយភាពច្នៃបង្កើត ដោយផ្អែកលើមូលដ្ឋាននៃបច្ចេកវិទ្យាបដិវត្តឧស្សាហកម្ម ៤.០” ។
ប្រភពខាងលើបន្តថា កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង ថៃ ហើយកំពុងពិភាក្សាជាមួយប្រទេស ព្រុយណេ និង កម្ពុជាសម្រាប់គម្រោង “ទីក្រុងឆ្លាតវៃ” នេះ។ អានបន្ថែម
គួរបញ្ជាក់ផងដែរថានៅក្នុងអំឡុងនៃកិច្ចប្រជុំពីថ្ងៃទី២៥ ដល់ ២៦ វិច្ឆិកា កម្ពុជា និង សាធារណរដ្ឋកូរ៉េបាន បានចុះហត្ថលេខាលើឯកសារសារសំខាន់ៗចំនួន៥ រួមមាន៖ (១) កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធមួយចំនួន (២) សន្ធិសញ្ញា ស្តីពី ការជួយគ្នាទៅវិញនៅក្នុងវិស័យច្បាប់ (៣) អនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម (៤) អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន (៥) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ នេះបើតាម បើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា AKP៕
(រូបភាព៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់)

