កូរ៉េផ្តល់កម្ចី ៦៣ លានដុល្លារសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាខ្មៅ
Cambodia-Korea Takmao Sewage Management System
កាលពីថ្ងែទី ០៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម OH Nak-Young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទាន ៦៣ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ។
កិច្ចព្រមព្រៀងនេះចុះហត្ថលេខា រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោក CHANG Youn Soo ប្រធានស្ថានតំណាងមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ប្រចាំនៅកម្ពុជា។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នេះនឹងមានសមត្ថភាពចម្រោះទឹកបាន ៧.៦០០ ម៉ែត្រគូបក្នុងមួយម៉ោង។ ចំពោះប្រព័ន្ធចម្រោះទឹកកខ្វក់មួយនេះរួមមានអាងចម្រោះទឹកកខ្វក់មួយចំនួន ដែលត្រូវតភ្ជាប់ទៅស្ថានីយ៍បូមទឹកកខ្វក់ផ្សេងទៀតទាំងអស់មានចំនួន ១០ កន្លែង និងឡស្ទាក់កាកសំណល់ដែលភ្ជាប់ដោយបំពង់បង្ហូរកាកសំណល់ប្រវែងសរុប ៥៥,៣៣ គីឡូម៉ែត្រ។
ជាមួយគ្នានេះដែរកញ្ចប់ថវិកានេះក៏នឹងត្រូវប្រើដើម្បីស្ដារព្រែកប្រវែង ១៦,២ គីឡូម៉ែត្រ ដែលក្នុងនោះមានការស្ដារឡើងវិញនូវស្ថានីយ៍បូមទឹកចាស់ និងសាងសង់ទ្វារទឹកថ្មីមួយកន្លែងទៀតទំហំ ៥ ម៉ែត្រ x ៤ ម៉ែត្រ ផងដែរ។
ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់នេះនឹងជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងតាខ្មៅជាពិសេសប្រព័ន្ធអនាម័យនិងសោភ័ណភាពរបស់ទីក្រុង ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអោយដឹងថា ជំនួយនេះមិនមែនជាជំនួយលើកទីមួយរបស់រដ្ឋាភិបាលកូរ៉េដល់កម្ពុជានោះទេ ចាប់ពីឆ្នាំ ២០០១ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២១ លើកទៅហើយ គិតជាទឹកប្រាក់សរុបចំនួន ៧៦៣ លានដុល្លារ ដែលប្រើប្រាស់ក្នុងការលើកំពស់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីរដ្ឋាភិបាលកូរ៉េផងដែរ ដែលតែងតែគាំទ្រដល់ប្រទេសកម្ពុជាកន្លងមករហូតដល់បច្ចុប្បន្ន។
- Video Advertisement -