កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​សាលា​រាជធានី​ភ្នំពេញ

ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​មាន​សេចក្តី​រីករាយ​ដើម្បី​បើក​ដំណើរការ​ផ្នែក​សម្រាប់​ព័ត៌មាន​ថ្មីៗ​ជាប្រចាំ​អំពី​សាលា​រាជធានី​ភ្នំពេញ​។​

– ជម្រើស​ការ​រចនា​ស្នើឡើង​សម្រាប់​ភ្លើងស្តុប​នៅ BKC (​ធនាគារ​កាណាឌីយ៉ា​)

​សាលា​រាជធានី​ភ្នំពេញ និង​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ឯកជន និង​សាធារណៈ​ដែល​ពាក់ព័ន្ធ បាន​ពិភាក្សា​គ្នា​អំពី​ជម្រើស​ជាច្រើន​សម្រាប់​ផែនការ​រៀបចំ​ភ្លើងស្តុប BKC (​ធនាគារ​កាណាឌីយ៉ា​)​។ គេ​នៅ​មិនទាន់​ជ្រើសរើស​បាន​នូវ​ជម្រើស​នៃ​ការ​រចនា​ចុងក្រោយ​ណាមួយ​នោះ​ទេ ដោយហេតុ​ថា សាលា​រាជធានី​ភ្នំពេញ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​សិក្សា​លម្អិត​បន្ថែមទៀត​អំពី​ផលប៉ះពាល់​នៃ​គម្រោង​នេះ​។

ក្រុម​ខាងលើ​ក៏​បាន​សិក្សា​ពី​លទ្ធភាព​នៃ​ការសាងសង់​ស្ពាន​អាកាស​ចំនួន​បួន​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ចរាចរណ៍​នៅ​តំបន់​ជុំវិញ​ស្ពាន​ក្បាលថ្នល់​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខណ្ឌ​ចំការមន​។ ការសាងសង់​ស្ពាន​អាកាស​ថ្មី​នៅ​ក្បាលថ្នល់​ត្រូវ​ការចាប់ផ្តើម​ដំណើរការ​ឱ្យ​បាន​ឆាប់ បើទោះជា​នៅ​មាន​ភាពចម្រូងចម្រាស់​មួយចំនួន​ក៏​ដោយ ។​

– ឯកជន​ភាវូបនីយកម្ម​លើ​ការគ្រប់គ្រង​សួន​សាធារណៈ​

​សាលា​រាជធានី​ភ្នំពេញ​នឹង​ផ្ទេរ​កាតព្វកិច្ច​ក្នុង​ការគ្រប់គ្រង និង​ការថែរក្សា​សួន​សាធារណៈ​របស់​ទីក្រុង​ភ្នំពេញ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​វិញ នូវ​ទីតាំង​សម្រាប់​ការផ្សាយពាណិជ្ជកម្ម​ដោយ​ឥតគិតថ្លៃ​នៅតាម​សួន​សាធារណៈ​ទាំងនោះ​។​

​នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី ១៣ ខែមិថុនា ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​សេចក្តី​ព្រាង​កិច្ចសន្យា​នោះ ឯកឧត្តម ប៉ា សុជាតិ​វង្ស​បានឱ្យដឹង​ថា​បច្ចុប្បន្ន​មាន​អំពូល​ភ្លើង​ចំនួន ១១,០០០ ដែល​ដាក់​បំពាក់​នៅក្នុង​ទីក្រុង ដែល​អំពូល​ទាំងនោះ​ត្រូវ​តម្លើង​ទៅ​ជា​អំពូល LED ។ មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​តម្លើង​ចំនួន ២,០០០ អំពូ​លហើយ​។​

– កាំ​មេ​រ៉ា​សុវត្ថិភាព CCTV ចំនួន ៦០០ ត្រូវបាន​ដំឡើង​

សន្ដិសុខ​នៅ​តែ​ជា​បញ្ហា​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី ១៥ ខែមិថុនា សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ឡើងវិញ​លើ​ការងារ​ដំឡើង​កាំ​មេ​រ៉ា​សុវត្ថិភាព CCTV នៅលើ​ភ្លើង​សញ្ញា​ចរាចរណ៍​ទាំងអស់​ក្នុង​រាជធានី​។ ក្រោម​ការដឹកនាំ​ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ ឯកឧត្តម ស៊ុយ សារ៉េត កាំ​មេ​រ៉ា​សុវត្ថិភាព CCTV ចំនួន ៦០០ នឹង​ត្រូវបាន​ដំឡើង ក្រោម​កិច្ចសន្យា​សេវាកម្ម​ជាមួយ​ក្រុមហ៊ុន HSC, ZTE និង CFOCN ។ ការងារ​ការដំឡើង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៣០ កក្កដា ដល់​ថ្ងៃ​ទី ១០ ខែ វិច្ឆិកា​។​

– ការកែច្នៃ​សំណល់​ទៅ​ជា​ជី​

ដើម្បី​ដោះស្រាយ​បញ្ហា​កាន់តែ​អាក្រក់​ឡើង​នៃ​ការគ្រប់គ្រង​កាកសំណល់​រឹង និង​រាវ អភិបាលរង​រាជធានី​ភ្នំពេញ ឯកឧត្តម អៀង អ៊ុន​នី បាន​រៀបចំ​ការពិភាក្សា​មួយ​ជាមួយនឹង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​ក្រុមហ៊ុន Hayashida ដែល​មាន​មូលដ្ឋាន​នៅ​ជប៉ុន​លើ​គម្រោង​កែ​ច្នៃ​កាកសំណល់​ភក់ និង​កាក​សំណល់​បន្លែ​ទៅ​ជា​ជីកំប៉ុស​។​

– ការដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​

ឆ្លើយតប​ទៅនឹង​បញ្ហា​ទឹក​ជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​តំបន់​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ដឹកនាំ​ក្រុមការងារ​មួយ​ដើម្បី​ពិនិត្យមើល​ការជីក​ប្រឡាយ ដើម្បី​បញ្ចេញ​ទឹក​ពី​ប្រឡាយ​មេ​នៅតាម​បណ្តោយ​ផ្លូវ​ដែក​ដែល​ភ្ជាប់​ទៅ​ប្រឡាយ​ទួល​សំពៅ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​។ ប្រឡាយ​ថ្មី​នេះ​ត្រូវបាន​ជីក​ក្នុង​ជម្រៅ ៨ ម៉ែត្រ ទទឹង ៤ ម៉ែត្រ​ដោយ​ប្រើប្រាស់​អេ​ស្កា​វាទ័រ​ចំនួន​ពីរ​។ នៅ​ថ្ងៃ​ដដែល​នោះ ក្រុម​នេះ​ក៏​ធ្វើ​ការត្រួតពិនិត្យ​ការសាងសង់​ស្ថានីយ​បូមទឹក​ទួលគោក II នៅ​ខណ្ឌ​ទួលគោក និង​ការសាងសង់​ប្រឡាយ​បេតុង​បាក់​ទូក នៅ​ខណ្ឌ​ឫស្សីកែវ​។ ស្ថានីយ​បូម​ទឹកនឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ចុងខែ កក្កដា ឆ្នាំ ២០១៦​។​

– ផ្លូវ​នៅ​បឹងកក់​ត្រូវបាន​បើក​បន្ថែមទៀត​

​ដើម្បី​បំបាត់​ការកកស្ទះ​ចរាច​រណ៍ អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ការសាងសង់​ឲ្យ​បើកផ្លូវ R7, R8, R9 និង R10 ដែល​នឹង​ភ្ជាប់​ខណ្ឌទួលគោក និង​ខណ្ឌ​ដូនពេញ​នៅតាម​បណ្តោយ​ផ្លូវ​ដែក​។ នៅពេល​ដែល​បញ្ចប់​ការសាងសង់ ផ្លូវ​ទាំង​នេះ​នឹង​រួមចំណែក​យ៉ាងខ្លាំង​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​ក្នុងការ​ធ្វើ​ដំណើរ​ជុំវិញ​ទំនប់ ៧០ ទីស្តីការគណៈរដ្ឋមន្ត្រី និង​រង្វង់​មូល​ទួលគោក ។​

– ការ​ដាក់​ឈ្មោះ​ផ្លូវ​នៅ​បឹង​កក់​

​ដើម្បី​បន្ធូរបន្ថយ​ចរាចរណ៍​នៅខាងមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ការិយាល័យ​នាយករដ្ឋមន្ត្រី សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី ២០ ខែ មិថុនា ដើម្បី​ពិនិត្យ​ឡើងវិញ​ការសាងសង់​ផ្លូវ​នៅក្នុង​តំបន់​បឹងកក់ ដែល​មាន​សក្តានុពល​ដើម្បី​បន្ថយ​ការកកស្ទះ​នៅ​រវាង​ទីស្តីការគណៈរដ្ឋមន្ត្រី និង​តំបន់​ទួលគោក ។ ក្នុងឱកាស​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​អភិបាលរង​រាជធានី​ភ្នំពេញ ឯកឧត្តម ស៊ុយ ស៊ី​រិទ្ធ បាន​ពិភាក្សា​ពី​ឈ្មោះ​ដែល​ត្រូវ​ដាក់​ឲ្យ​ផ្លូវ​នៅ​បឹង​កក់ ព្រមទាំង​លើកឡើង​ពី​សក្កា​នុព​ល​នៃ​ការកសាង​ផ្លូវ​មួយ​ផ្សេងទៀត​នៅ​ក្បែរ​វិហារ​អ៊ីស្លាម​បឹងកក់​នេះ ។​

– ទីក្រុង​ត្រូវការ​កន្លែង​ចំណត​បន្ថែមទៀត​ ​  

បញ្ហា​ចំណត​បាន​ក្លាយទៅជា​បញ្ហា​ធ្ងន់ធ្ងរ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​រថយន្ត​ជាង ៣​សែន​គ្រឿង និង​ម៉ូតូ​ជាង ១.២ លាន​គ្រឿង​ចរាចរ​នៅ​លើ​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ​។ នៅ​ថ្ងៃ​ទី ២១ ខែ មិថុនា សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​កិច្ចប្រជុំ​លើ​ការស្នើ​សុំ​ដើម្បី​បង្កើត​ចំណត​យានយន្ត​សម្រាប់​រថយន្ត និង​ម៉ូតូ​ពីរ​កន្លែង នៅ​ជុំវិញ​ផ្សារ​រាត្រី និង​ភាគ​ខាងជើង​នៃ​សណ្ឋាគារ​សាន់វេ​។ ឯកឧត្តម ស៊ុយ ស៊ី​រិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ត្រី​បច្ចេកទេស​ឲ្យ​សិក្សា​ម្តងទៀត​អំពី​លទ្ធភាព​សាងសង់​ចំណត​យានយន្ត​នៅ​ខាងជើង​សួន​កុមារ​វត្តភ្នំ និង​ភាគ​ខាងលិច និង​ភាគ​ខាងជើង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ភាគ​ខាងកើត​នៃ​វត្តភ្នំ។

- Video Advertisement -