កំណត់ហេតុព័ត៌មានប្រចាំថ្ងៃពីសាលារាជធានីភ្នំពេញ ៖ ខែកក្កដា – សីហា ឆ្នាំ២០១៧

បច្ចេកវិទ្យាទំនើបចុងក្រោយនៃម៉ាស៊ីនខួងត្រូវបានណែនាំ (ថ្ងៃទី ០៦ ខែកក្កដា)
បច្ចេកវិទ្យាម៉ាស៊ីនខួងទំនើបចុងក្រោយរបស់ប្រទេសជប៉ុន ត្រូវបានផ្សព្វផ្សាយជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការមកដល់នៃម៉ាស៊ីនខួងទំនើបនេះ គឺស្របពេលដែលឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម៉ាស៊ីនខួងមានសមត្ថភាពខួងដើម្បីដាក់ខ្សែកាប ខ្សែកាបអុបទិច និងការបង្កប់បំពង់បង្ហូរទឹក ដោយមិនប៉ះពាល់ដល់ផ្ទៃខាងលើ ឬត្រូវចំណាយការជីកដើម្បីបង្កប់បំពង់ ឬរត់ខ្សែកាប-ខ្សែកាបអុបទិចក្រោមដីនោះទេ។

ប្រឡាយជញ្ជាំងបេតុង កំពុងស្ថិតនៅក្នុងដំណើរការពិភាក្សា (១០ កក្កដា)
ការអភិវឌ្ឍន៍គម្រោងប្រឡាយជញ្ជាំងបេតុងនៅស្ទឹងមានជ័យ កំពុងត្រូវបានពិភាក្សា ហើយរំពឹងថាវានឹងត្រូវបានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ ប្រឡាយជញ្ជាំងបេតុងនេះមានទីតាំងស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែលហូរទៅកាន់ផ្លូវ ៣៧១។ ប្រឡាយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំទឹកពីតំបន់ភាគខាងត្បូងនិងខាងកើតនៃព្រលានយន្តហោះ និងតំបន់អាងទឹកបម្រុងស្ទឹងមានជ័យ ដោយហូរកាត់ប្រឡាយស្ទឹងមានជ័យធំ ទៅកាន់ស្ថានីយបូមទឹកបឹងទំពុន។

ស្ថានីយបូមដែលខូចខាតនឹងត្រូវជួសជុល (១៥ កក្កដា)
មិនយូរប៉ុន្មានបន្ទាប់ពីការត្រួតពិនិត្យដោយសាលារាជធានីភ្នំពេញបានឲ្យដឹងថា ស្ថានភាពចាស់ទ្រុឌទ្រោមនៃស្ថានីយបូមទឹកបុរី១០០ខ្នង ធ្វើឱ្យការបូមទឹកមានលក្ខណៈយឺត។ ស្ថានីយនេះត្រូវការការជួសជុលជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ដែលកើតឡើងនៅភាគខាងជើងមហាវិថីរុស្ស៊ី និងជាពិសេសនៅតាមបណ្តោយផ្លូវដែកក្នុងខណ្ឌសែនសុខ។ ការងារជួសជុលនេះនឹងចំណាយពេល៤ខែ ហើយម៉ាស៊ីនរបស់ស្ថានីយបូមទឹកនៅទួលគោកមួយ នឹងដំណើរការបូមទឹកក្នុងអំឡុងពេលជួសជុលនេះ។

ស្ថានីយរថយន្តក្រុងសាធារណៈថ្មីត្រូវបានប្រកាស (១៨ កក្កដា)
សាលារាជធានីភ្នំពេញ បានកំណត់គោលដៅតំបន់ជាយក្រុង សង្កាត់ក្រាំងថ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាទីតាំងសាងសង់ចំណតរថយន្តក្រុងដែលមានផ្ទៃដីទំហំ ៤ហិកតា ជាមួយនិងសមត្ថភាពផ្ទុករថយន្តក្រុងបានជាងមួយរយគ្រឿង។ ចំណតនេះគឺគ្រោងសម្រាប់ចតរថយន្តក្រុងចំនួន ១៤០គ្រឿងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននៅពេលខាងមុខ។ រថយន្ដជំនួយនេះនឹងត្រូវបានផលិតនៅខែកញ្ញា ហើយរំពឹងថានឹងមកដល់ប្រទេសកម្ពុជានៅខែមិថុនា ឆ្នាំ២០១៨។

គុណភាពហេដ្ឋារចនាសម្ព័ន្ធនៅភ្នំពេញមានភាពល្អប្រសើរជាងមុន (២៦ កក្កដា)
សាលារាជធានីភ្នំពេញ បានស្នើសុំឲ្យអាជ្ញាធរខណ្ឌទាំង ១២ នៅរាជធានីភ្នំពេញ ធ្វើការសហការជាមួយក្រុមហ៊ុនម៉ៅការសាងសង់ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ។ គម្រោងនេះមានបំណងធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលរួមមានផ្លូវថ្នល់ និងបំពង់បង្ហូរទឹកនៅក្នុងរាជធានី។ សាលារាជធានីក៏បានលើកទឹកចិត្តផងដែរដល់អាជ្ញាធរពាក់ព័ន្ធដើម្បីពន្លឿនការជួសជុលផ្លូវថ្នល់ដែលមិនទាន់បានបញ្ចប់ ទាំងគម្រោងដែលមានស្រាប់ និងគម្រោងថ្មី ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពការងារដាក់លូបង្ហូរទឹក និងការជួសជុលផ្លូវថ្នល់។ សាលរាជធានីក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋានកុំយកថ្លៃឈ្នួលពីប្រជាពលរដ្ឋសម្រាប់ការតភ្ជាប់បំពង់ផ្គត់ផ្គង់ទឹករបស់ពួកគេទៅនឹងបណ្តាញបំពង់ទឹកមេ។ សម្រាប់គម្រោងដែលចាប់ផ្តើមថ្មីទាំងអស់ សាលារាជធានីបានស្នើឲ្យអ្នកម៉ៅការធានាថាអ្នកដំណើរមានសុវត្ថិភាពនៅជុំវិញទីតាំងគម្រោង ហើយការសាងសង់មិនប៉ះពាល់ដល់លំហូរចរាចរណ៍។ កន្លែងសាងសង់ត្រូវតែមានសញ្ញាបង្ហាញគ្រោះថ្នាក់ និងស្លាកសញ្ញាគម្រោង។

រាជធានីភ្នំពេញនឹងសាងសង់រោងចក្រកែច្នៃកាកសំណល់ទៅជាថាមពល (០៧ សីហា)
មន្ដ្រីសាលារាជធានីភ្នំពេញបានទៅពិនិត្យមើលកន្លែងចាក់សំរាមនៅខណ្ឌដង្កោ ដើម្បីសិក្សាពីលទ្ធភាពសាងសង់រោងចក្រកែច្នៃកាកសំណល់ទៅជាថាមពល។ នៅភ្នំពេញ កាកសំណល់បានកើនឡើងចំនួន ២.៣០០តោនក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះ សាលារាជធានីភ្នំពេញក៏ជំរុញយ៉ាងខ្លាំងឲ្យមន្រ្តីរបស់ខ្លួនធ្វើការគ្រប់គ្រង សម្អាត ដឹកជញ្ជូន និងកែច្នៃកាកសំណល់ ឬសំរាម ដើម្បីធ្វើឲ្យប្រសើរឡើងនូវសោភ័ណភាពទីក្រុង និងកាត់បន្ថយបរិមាណកាកសំណល់នៅក្នុងទីក្រុង។ កាកសំណល់ ឬសំរាមអាចត្រូវបានកែច្នៃឡើងវិញជាសរីរាង្គ ឧស្ម័ន និងថាមពល។

សាលារាជធានីលើកកំពស់ការងារសាងសង់ និងការងារគ្រប់គ្រងដីធ្លី (០៨ សីហា)
សាលារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការគ្រប់គ្រងសំណង់ និងការអភិវឌ្ឍដីធ្លីនៅក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា និងបញ្ហាបច្ចេកទេសដែលកើតមាននៅក្នុងការសាងសង់។ មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានស្នើសុំឲ្យធ្វើការត្រួតពិនិត្យមើលរាល់ការដ្ឋានសាងសង់ទាំងអស់ ដើម្បីធានានូវវិន័យយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលរំលោភច្បាប់សំណង់។

ដំណាក់កាលទី ២ នៃការកែលម្អបណ្តាញខ្សែកាបកំពុងដំណើរការ (១១ សីហា)
ផែនការកែលម្អបណ្តាញខ្សែកាបកំពុងឈានដល់ដំណាក់កាលទី ២ នៃឆ្នាំ ២០១៧។ ផែនការនេះក៏នឹងពិនិត្យមើលទិដ្ឋភាពបច្ចេកទេសនៃការជីកដើម្បីដាក់ខ្សែកាបតាមបណ្តោយផ្លូវនៅក្នុងរាជធានី។ គម្រោងនេះនឹងពង្រឹងសុវត្ថិភាពខ្សែកាប និងធ្វើឲ្យប្រសើរឡើងនូវសម្រស់របស់រាជធានី។ នៅរាជធានីភ្នំពេញ ផ្លូវធំៗប្រហែលប្រាំមួយខ្សែ នឹងត្រូវទម្លាក់ខ្សែភ្លើងនិងខ្សែបណ្តាញផ្សេងៗដាក់បង្កប់នៅក្នុងដី។ ផ្លូវទាំងនេះរួមាន មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះមុនីវង្ស មហាវិថីម៉ៅសេទុង មហាវិថីកម្ពុជាក្រោម និងមហាវិថីសហព័ន្ធរុស្ស៊ី។

កាមេរ៉ាសុវត្ថិភាព CCTV ចំនួន ៦០០ នឹងត្រូវដំឡើង (១៦ សីហា)
កាមេរ៉ាសុវត្ថិភាពប្រហែល ៦០០ នឹងត្រូវដាក់ឲ្យដំណើរការនៅគ្រប់តំបន់សាធារណៈនៃរាជធានីនៅក្នុងខែកញ្ញានេះ។ ការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព CCTV បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបទល្មើស និងតាមដានស្ថានភាពចរាចរណ៍នៅក្នុងទីក្រុង។ ទន្ទឹមនឹងគ្នានេះ អ្នកដំឡើងកាមេរ៉ាត្រូវទទួលការបណ្តុះបណ្តាល និងបង្កើនល្បឿននៃការដំឡើងដើម្បីឲ្យទាន់តាមកាលបរិច្ឆេទដែលបានកំណត់។

ផែនការទីក្រុងបៃតងរាជធានីភ្នំពេញត្រូវបានពិភាក្សា (១៦ សីហា)
អភិបាលរងរាជធានីភ្នំពេញឯកឧត្តម អៀង អូនី បានធ្វើជាអធិបតីនៃកិច្ចប្រជុំស្តីពីផែនការយុទ្ធសាស្ត្រទីក្រុងបៃតងសម្រាប់ឆ្នាំ ២០១៧-២០២៦ ដែលជាគម្រោងថ្មីមួយទៀតដើម្បីលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាឲ្យរាជធានីមានមិត្តភាពបរិស្ថាន និងមានភាពបៃតងសម្រាប់រយៈពេលវែង។
- Video Advertisement -