កំណត់ហេតុព័ត៌មានរបស់សាលារាជធានីភ្នំពេញ ខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៧

ស្ពានអាកាសផ្សារដីហ៊ុយកំពុងដំណើរការសាងសង់

ថ្ងៃទី០៧ ខែវិច្ឆិកា: ការសាងសង់ស្ពានអាកាសផ្សារដីហ៊ុយសម្រេចបាន ៧០ភាគរយហើយនៅដើមខែវិច្ឆិកានេះ។ ដោយសារតែផ្លូវតូចនៅពេលកំពុងសាងសង់ស្ពាន សាលារាជធានីភ្នំពេញបានប្រកាសហាមឃាត់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មិនឲ្យបត់ឆ្វេងនៅគ្រប់ទិសដៅទាំងអស់នៅត្រង់ចំណុចភ្លើងស្តុបក្បែរការដ្ឋានសាងសង់។

ប្រឡាយស្ទឹងមានជ័យស្ថិតនៅក្រោមការអភិវឌ្ឍ

ថ្ងៃទី១០ ខែវិច្ឆិកា: មិនយូរប៉ុន្មានបន្ទាប់ពីកិច្ចប្រជុំស្តីពីគម្រោងស្តារនិងអភិវឌ្ឍន៍ស្ទឹងមានជ័យ អភិបាលរាជធានីភ្នំពេញបានមានចំណាត់ការចំពោះគ្រួសារចំនួន ៥០០គ្រួសារដែលផ្ទះរបស់ពួកគេបានរំលោភបំពាននៅតាមដងប្រឡាយ។ អភិបាលរាជធានីភ្នំពេញបានចាប់ផ្តើមសាងសង់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារចំនួន ១៣៥គ្រួសារដែលស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការផ្លាស់ចេញពីលើប្រឡាយ។ ការតភ្ជាប់ប្រព័ន្ធទឹក អគ្គីសនី និងបង្គន់អនាម័យ ក៏កំពុងត្រូវបានសាងសង់ដើម្បីបម្រើដល់គ្រួសារដែលផ្លាស់ទីលំនៅទំាងនោះដែរ។

ផ្លូវបេតុង២ខ្សែនឹងត្រូវសាងសង់នៅតំបន់ក្រៅក្រុង

ថ្ងៃទី១២ ខែវិច្ឆិកា: បន្ទាប់ពីទទួលបានសំណូមពរសាងសង់ផ្លូវបេតុងពីតំបន់លំនៅឋានក្នុងសង្កាត់មានជ័យ សាលារាជធានីភ្នំពេញបានទទួលយកសំណើនិងបានពិនិត្យមើលស្ថានភាពផ្លូវទាំងពីរ ហើយរំពឹងថាចាប់ផ្ដើមសាងសង់ក្នុងពេលឆាប់ៗ។

ការសាងសង់ប្រព័ន្ធលូទឹកដើម្បីការពារទឹកជំនន់

ថ្ងៃទី១៣ ខែវិច្ឆិកា: នៅពេលដែលរដូវវស្សាមកដល់ ទឹកជំនន់តែងបង្កបញ្ហាដល់រាជធានី។ អភិបាលរាជធានីភ្នំពេញបានប្រឹងប្រែងក្នុងរយៈពេលច្រើនឆ្នាំកន្លងមកដើម្បីស្វែងរកដំណោះស្រាយដែលប្រសើរជាងមុន។ ការងារសាងសង់បណ្តាញលូបង្ហូរទឹកនៅតាមបណ្តោយផ្លូវលេខ ១៩៦២ ត្រូវបានចាប់ផ្តើម ហើយរំពឹងថានឹងអាចគ្រប់គ្រងការជន់លិចដោយការបញ្ជូនទឹកទៅកាន់តំបន់ផ្សេងទៀត។ ការជីកដាក់លូបង្ហូរទឹកប្រវែង ៩.៤ម៉ែត្រនិងទទឹង ១.៥ម៉ែត្រនៅតាមបណ្តោយផ្លូវនឹងត្រូវចំណាយពេល ៨ខែដើម្បីបញ្ចប់ការងារនេះ។

ការសាងសង់ផ្លូវក្រវ៉ាត់ទី២បានបញ្ចប់

ថ្ងៃទី២២ ខែវិច្ឆិកា: ដើម្បីបង្វែរចរាចរណ៍របស់រថយន្តដឹកជញ្ជូនគោក្របីចូលទីក្រុងភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ខាងក្រៅក្រុង។ នៅថ្ងៃទី០៨ ខែធ្នូ ដំណាក់កាលទី២ នៃផ្លូវក្រវ៉ាត់ទី២ ត្រូវបានបញ្ចប់។ ទោះបីជាការសាងសង់បេតុងត្រូវបានបញ្ចប់ក៏ដោយ ក៏គេត្រូវការពេលមួយខែទៀតមុនពេលអាចបើកផ្លូវនេះសម្រាប់អ្នកដំណើរ។

ស្ពានអាកាសថ្មីមួយនឹងត្រូវសាងសង់

ថ្ងៃទី២៩ ខែវិច្ឆិកា: ការកកស្ទះចរាចរណ៍បានក្លាយទៅជាបញ្ហាព្រួយបារម្ភមួយក្នុងរាជធានីភ្នំពេញ។ តាមរយៈការសាងសង់ស្ពានអាកាសបន្ថែមនៅក្នុងរាជធានី រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថាវានឹងអាចជាដំណោះស្រាយមានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយការស្ទះចរាចរណ៍។ ការសិក្សាសម្រាប់គម្រោងស្ពានអាកាសថ្មីមួយកំពុងដំណើរការនៅត្រង់ចំណុចប្រសព្វរវាងផ្លូវលេខ​២៧១ មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្ដេចតេជោ ហ៊ុន សែន។ ការអភិវឌ្ឍស្ពានថ្មីនេះត្រូវបានរំពឹងថានឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ។

ការសាងសង់ស្ពានដែកចាប់ផ្តើម

ថ្ងៃទី១២ ខែធ្នូ: ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា(OCIC) បានចាប់ផ្តើមសាងសង់ស្ពានបណ្តោះអាសន្នមួយឆ្លងកាត់ទន្លេសាបដើម្បីបន្ធូរការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន។ ស្ពានដែកដែលមានតម្លៃ ១០លានដុល្លារនេះលាតសន្ធឹងចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចនៅលើផ្លូវជាតិលេខ៥ ឆ្លងកាត់ទន្លេទៅកាន់ទីក្រុងរណបជ្រោយចង្វារ។

ប្រជាជនជាង ៦០០នាក់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី

ថ្ងៃទី១៣ ខែធ្នូ: អភិបាលរាជធានីភ្នំពេញបានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៦២២គ្រួសារនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដីដែលគ្រួសារកំពុងរស់នៅគឺជាកម្មសិទ្ធិរបស់រដ្ឋ។ ដោយមើលឃើញថាតំបន់នោះត្រូវបានប្រជាពលរដ្ឋតាំងទីលំនៅជាច្រើនឆ្នាំមកហើយនោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើឲ្យវាក្លាយជាដីសម្បទាន ដោយផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋរស់នៅទីនោះ។

ប្រព័ន្ធលូបង្ហូរទឹកក្នុងរាជធានីភ្នំពេញនឹងត្រូវស្តារឡើងវិញ

ថ្ងៃទី១៨ ខែធ្នូ: ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៤៦០គីឡូម៉ែត្រ ដែលមានទីតាំងនៅក្នុងខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញត្រូវបានគ្រោងស្តារឡើងវិញនៅរដូវប្រាំង។ នាយកដ្ឋានសាធារណការ និងដឹកជញ្ជូនជាអ្នកទទួលខុសត្រូវចំពោះការជួសជុលឡើងវិញដែលបានគ្រោងនេះ នៅក្នុងខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌដូនពេញ។ ការងារលើការអភិវឌ្ឍគម្រោងនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០១៨ ហើយនឹងចំណាយពេល ៥ខែដើម្បីបញ្ចប់ការងារនេះ។

ការសិក្សាមានភាពវិជ្ជមានសម្រាប់គម្រោងរថភ្លើងអាកាស

ថ្ងៃទី១៩ ខែធ្នូ: គម្រោងរថភ្លើងអាកាសអគ្គិសនីដែលបានស្នើឡើងនោះ នឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះនៅក្នុងរាជធានី។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរវាងអភិបាលរាជធានី ឯកឧត្តម ឃួង ស្រេង និងក្រុមការងារបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដឹកនាំដោយលោក Sugano Yuichi តំណាងប្រធាន JICA ។

ដើម្បីបន្ធូរការកកស្ទះចរាចរណ៍ដ៏រ៉ាំរ៉ៃនៅក្នុងរាជធានី ជាពិសេសនៅពេលម៉ោងមមាញឹក គម្រោងនេះនឹងសាងសង់រថភ្លើងអាកាសអគ្គិសនី ដើម្បីភ្ជាប់ទីក្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ចក្ខុវិស័យចម្បងមិនមែនត្រឹមតែផ្តល់នូវដំណោះស្រាយចំពោះការកកស្ទះចរាចរណ៍ក្នុងរាជធានីប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅតាមបណ្តោយផ្លូវនេះដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]