កំពង់ផែទេសចរណ៍កំពតសាងសង់បាន ៩៣% គ្រោងបញ្ចប់ខែមិថុនា យឺតជាងផែនការម្ដងទៀត

គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត សម្រេចបាន ៩៣% ហើយគិតត្រឹមខែមីនា ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅខែមិថុនា ដែលជាការយឺតយ៉ាវម្ដងទៀត ។

វឌ្ឍនភាពនៃកំពង់ផែទេសចរណ៍កំពតនេះ ដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យការដ្ឋានផ្ទាល់ នៅថ្ងៃទី ២៩ ខែមីនា។

ជាក់ស្ដែង គម្រោងនេះត្រូវបានពន្យារពេលបញ្ចប់ជាច្រើនដងមកហើយ។ តាមផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២០ បន្ទាប់មកពន្យារទៅដើមឆ្នាំ ២០២១ ពាក់កណ្ដាលឆ្នាំ២០២១ ចុងឆ្នាំ ២០២១ ហើយក្រោយមកទៅដើមឆ្នាំ ២០២២។ (អានបន្ថែម)

តមនឹងការពន្យាពេលច្រើនដងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ដាក់កំហិតឱ្យក្រុមហ៊ុន ត្រូវបញ្ចប់គម្រោងទាំងមូល នៅក្នុងរយៈពេល៣ ខែទៀត។

យោងតាមបទបង្ហាញរបស់ក្រុមហ៊ុន ការសាងសង់សំណង់អគារទាំងមូលបានបញ្ចប់ទាំងស្រុង ដោយនៅសល់ការងារទាក់ទងនឹងការតុបតែង និងការងារសួនច្បារប៉ុណ្ណោះ។

សូមបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត ប្រើប្រាស់ថវិកាកម្ចី ៩,២លានដុល្លារ ពីធនាគារអភិវឌ្ឍនអាស៊ី។

- Video Advertisement -