កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ៩,៥លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២
កំពង់ផែស្វយ័តភ្នំពេញ រកចំណូលពុំទាន់ធ្វើសវនកម្មបានចំនួន ៩,៤៩លានដុល្លារ ក្នុងត្រីមាសទី១ មានការកើនឡើង ១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ចំណូលពីប្រតិបត្តិការផែ មានចំនួន ២,៦លានដុល្លារ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣៥០.៩១២ដុល្លារ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣៣.១៩៥ដុល្លារ និងចំណូលផ្សេងៗ មានចំនួន ២២០.៨៩៩ដុល្លារ។
សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧ លានដុល្លារ ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៥% និងកើនឡើងចំនួន២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០។
កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២២ក្នុងនោះរួមមាន គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី២ ២០១២-២០២៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឲ្យបានដល់ចំនួន ៥០០.០០០ TEU ក្នុងមួយឆ្នាំ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមទីតាំងមួយចំនួនទៀត៕
ថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានប្រកាសផងដែរពីផែនការសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន ៧ ដោយសហការជាមួយដៃគូឯកជន (អានបន្ថែម)

