ក្នុងរយៈពេល៥ខែ កម្ពុជាស្រូបទាញការវិនិយោគថ្មីបានចំនួន ២៩០គម្រោង មានទុនជាង $៤ពាន់លាន
ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC) ដោយក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៦២,២៧% ឈរនៅលំដាប់លេខរៀងទី១។
ជាការកត់សម្គាល់ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ២៩០គម្រោងនេះ ឃើញថាមានការកើនឡើងរហូត ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា២០២៤។ ចំពោះទុនវិនិយោគសរុប ៤,២ពាន់លានដុល្លារនេះវិញ មានការកើនឡើងរហូតដល់ទៅ ១,៤ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា២០២៤។
ក្នុងលំហូរទុនសរុបប្រមាណ ៤,២ពាន់លានដុល្លារ នេះ បានហៀរចូលក្នុងវិស័យសំខាន់ៗបីនៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យឧស្សាហកម្មទទួលបាន ៣,៦លានដុល្លារ, វិស័យហេដ្ឋរចនាសម្ព័ន្ធទទួលបាន ៥៥៨លានដុល្លារ, និង វិស័យទេសចរណ៍ទទួលបាន ២០លានដុល្លារ។
ក្នុងចំណោមនោះ ប្រភពទុនវិនិយោគដែលឈរលើលំដាប់ខ្ពស់បំផុតគឺ ចិន (៦២,២៧%), តាមពីក្រោយដោយ កម្ពុជាខ្លួនឯង (២៣,២៨%) និងលំដាប់ទី៣គឺ សិង្ហបុរី (៩,៦៣%)។
ទាក់ទងនឹងទីតាំងសំខាន់ៗដែលទទួលបានការវិនិយោគទាំងនេះត្រូវបាននាំមុខដោយខេត្តកំពង់ស្ពឺ (៧២គម្រោង), ខេត្តស្វាយរៀង(៦៨គម្រោង), ភ្នំពេញ (៣៤គម្រោង), កោះកុង (២៨គម្រោង), តាកែវ(២៧គម្រោង), ព្រះសីហនុ (២៤គម្រោង), កណ្ដាល (២០គម្រោង), និងខេត្តផ្សេងទៀតចំនួន (១៧គម្រោង)។
ដោយឡែក ចំពោះខែឧសភាតែមួយ (CDC) ក៏បានអនុម័តគម្រោងវិនិយោគថ្មីបានរហូតដល់ ៥៩គម្រោង ក្រោមទុនវិនិយោគ ៨១៦លានដុល្លារ ដោយរំពឹងថានឹងអាចបង្កើតការងារបានរហូត ៤៤ពាន់កន្លែង ផងដែរ។
ការកើនឡើងនៃការវិនិយោគនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់កម្ពុជាដែលកំពុងកើនឡើងជាទិសដៅសម្រាប់ដើមទុនបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងនូវទស្សនវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ឆ្នាំខាងមុខទៀត។
- Video Advertisement -