ក្រសួងការងារកម្ពុជា និងមូលនិធិការងារអន្តរជាតិជប៉ុន រួមគ្នាពង្រឹងគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា រួមជាមួយមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន តាមរយៈបណ្ដាញនិយោជក និងកម្មករនិយោជិតអន្ដរជាតិ។
អនុស្សរណៈនេះ ត្រូវបានចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។
បន្ថែមពីនេះ អនុស្សរណៈនេះ ជាការសន្យារបស់មូលនិធិការងារអន្តរជាតិជប៉ុន និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងការិយាល័យអង្គការអន្ដរជាតិខាងការងារប្រចាំប្រទេសជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ផ្អែកតាមអនុស្សរណៈនេះ វាជាការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ អ្នកបម្រើការងារក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមិនបានចុះបញ្ជីការផ្លូវការ, អ្នកបម្រើក្នុងផ្ទះ, បុគ្គលស្វ័យនិយោជន៍ ដូចជា អ្នកបើកបររ៉ឺម៉កកង់បី (តុកតុក), អាជីវករលក់ដូរតាមផ្លូវ, កសិករខ្នាតតូច, អ្នកធ្វើការដោយប្រើថ្នាលបច្ចេកវិទ្យា និងបុគ្គលដទៃទៀតដែលបំពេញការងារដោយគ្មានកិច្ចសន្យាការងារផ្លូវការ គ្មានប្រាក់ចំណូលច្បាស់លាស់ ឬពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមជាមូលដ្ឋាន។
បើតាម ឯកឧត្ដម ហេង សួរ បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាខាងលើនេះថា មូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានសហការជាយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើគម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋានចាប់តាំងពីឆ្នាំ២០១៩មក។
គួរបញ្ជាក់ថា គម្រោងនេះ ផ្ដោតសំខាន់លើអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាថាមិនមានកម្មករនិយោជិតណាម្នាក់ត្រូវបានទុកចោលឡើយ សូម្បីតែអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ជាមួយនឹងភាពជាដៃគូនេះ កម្ពុជាកំពុងបោះជំហានគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការលើកកម្ពស់បរិយាកាសការងារប្រកបដោយសមធម៌ និងធានាថាកម្មករនិយោជិតទាំងអស់ ដោយមិនគិតពីស្ថានភាពការងាររបស់ពួកគេ ទទួលបានការគាំទ្រដែលពួកគេត្រូវការដើម្បីរីកចម្រើន។
- Video Advertisement -