ក្រសួងកំពុងជំរុញការគ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងសៀមរាបឱ្យមាននិរន្តភាព

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានផ្សព្វផ្សាយសៀវភៅស្តីពីលើកកម្ពស់​ការយល់ដឹង​ជាសាធារណៈ​របស់​ប្រជាពល​​រដ្ឋ​អំពី​បណ្តាញលូ ប្រព័ន្ធចម្រោះ និងសេវាកម្មទឹកកខ្វក់នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួម​ពីសិក្ខា​កាម​ ៦០ នាក់​នៅក្នុងក្រុងសៀមរាប។

នេះបើ​តាម​សិក្ខាសាលា ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយកម្មវិធី​អង្គការ​សហប្រជាជាតិ​សម្រាប់លំនៅឋាន នៃអង្គការសហប្រជាជាតិ (UN-Habitat)។

សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍ និងភាព​ចាំ​បា​ច់​​នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីឲ្យមានការចូលរួមថែរក្សាបណ្តាញលូ និងទឹកកខ្វក់ ក្នុងការគ្រប់គ្រង​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ប្រកបដោយនិរន្តភាព។​

ឯកឧត្តម សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានមានប្រសាសន៍ថា បញ្ហាទឹកកកខ្វក់​ដែ​ល​​បង្ក​ពីសកម្មភាពផ្សេងៗ បានហូរចូលទៅក្នុងតំបន់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ បង្ក​ផ​ល​​​​​​ប៉ះពាល់ដល់សុខុមាលភាពប្រជាជន សោភ័ណភាព ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ជាតិ​​។

ឯកឧត្តមអគ្គនាយក បានបន្ថែមថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ជាចម្បង និងបានដោះស្រាយលើបញ្ហានេះ ដោយសាងសង់បណ្តាញលូទឹកភ្លៀង បណ្តាញលូ​ទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានចាក់សំណល់ភក់ នៅតាមបណ្តារាជធានី និងក្រុងសំខាន់ៗ រួមទាំងក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។

- Video Advertisement -