ក្រសួងកំពុងពន្លឿនតាក់តែងច្បាប់រៀបចំដែនដី និងនគរូបនីយកម្ម
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំគោលនយោបាយជាតិស្តីពីនគរូបនីយកម្មកម្ពុជា និងច្បាប់ស្តីពីការរៀបចំដែនដី និងនគររូបនីយកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនលឿនរហ័សនៃការអភិឌ្ឍន៍គរូបនីយកម្ម អចលនទ្រព្យ និងសំណង់។
ថ្លែងនៅក្នុងនៅក្នុងវេទិកានគររូបនីយកម្មកម្ពុជា ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន រៀបចំកាលពីថ្ងៃទី២៧ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី បានមានប្រសាសន៍ថា ការអភិវឌ្ឍនគរូបនីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានកំណើនក្នុងសន្ទុះដ៏លឿន បានក្លាយជាសសរស្តម្ភស្នូលនៃការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានទំហំវិនិយោគ ២៨ ពាន់លានដុល្លារ។
ឯកឧត្តម ប៉ែន សុផល ថ្លែងថា ”ក្នុងករណីនេះ យើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំ ការអភិវឌ្ឍ និងការគ្រប់គ្រងការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ដែលមានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់”។
“តាមរយៈវេទិការនេះ យើងនឹងទទួលបាននូវនវានុវត្តន៍ ចំណេះដឹង បទពិសោធន៍ និងគំរូអនុវត្តល្អៗលើការគ្រប់គ្រង និងការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ដែលជាធាតុចូលសម្រាប់រៀបចំគោលនយោបាយជាតិស្តីពីនគរូបនីយកម្មកម្ពុជា និងច្បាប់ស្ពីពីការរៀបចំដែនដី និងនគរូបនីយកម្មដែលកំពុងដំណើរការរៀបចំ…និងមានគម្រោងស្នើសុំអនុម័តនូវឆ្នាំ២០២០ខាងមុខ”។
ក្រុមអ្នកជំនាញបរទេសផ្នែកនគររូបនីយកម្ម ក៏បានចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កម្ពុជា សម្រាប់ការរបៀបចំគោលនយោបាយកំណត់អំពីការពង្រឹងការគ្រប់គ្រងនគររូបនីយកម្មដោយការអភិវឌ្ឍទីក្រុងដែលមានបរិស្ថានល្អសម្រាប់រស់នៅ៕

