ក្រសួងជំរុញកែប្រែរោងចក្រថាមពលដុតធ្យូងថ្ម ជារោងចដើរដោយឧស្ម័នLNG
ក្រសួងរ៉ែ និងថាមពល បាននិងកំពុងជំរុញកែប្រែរោងចក្រធ្យូងថ្មទាំងនេះ មកជារោងចក្រដើរដោយឧស្ម័ន LNG វិញ ដែលជាការបេ្តជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំរែបំរួលអាកាសធាតុ។
នេះ ជាការលើកឡើងរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម Jyri Jarviaho ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសហ្វាំងឡង់ ប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់អំពីជំហរកម្ពុជា ដែលមិនបន្តផ្តល់គម្រោងអភិវឌ្ឍន៍ថាមពលដើរដោយធ្យូងថ្មតទៀតទេ ក្រៅពីគម្រោងដែលរដ្ឋាភិបាលបានសម្រេចរួចកាលពីឆ្នាំ២០១៩។ ជាងនេះទៅទៀត ក្រសួង ក៏នឹងមិនអនុញ្ញាតឱ្យមានការសិក្សាវារីអគ្គិសនីនៅតាមដងទន្លេមេគង្គនោះដែរ។
បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពល បានរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលរយៈពេលវែងរហូតដល់ឆ្នាំ២០៤០ ហើយបាន គិតគូរយ៉ាងគ្រប់ជ្រុងជ្រោយក្នុងគោលដៅផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា ឱ្យមានភាពគ្រប់គ្រាន់ មានគុណភាព មានស្ថេរភាព និងតម្លៃសមរម្យ ជាមួយនឹងការអភិវឌ្ឍថាមពលស្អាតនិងចូលរួមប្រយុទ្ធប្រឆាំងការបំរែបំរួល អាកាសធាតុជាមួយអង្គការសហប្រជាជាតិ ក្នុងនោះប្រទសកម្ពុជាជាប្រទេសមួយដែលបញ្ចេញឧស្ម័នកាបូនតិច តួចបំផុត។

