ក្រសួងនឹងបើកឱ្យសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅដើមខែតុលា ខណៈបច្ចុប្បន្នសម្រេចបាន ៩៥%ហើយ

ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៥%ហើយ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

រហូតមកដល់បច្ចុប្បន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ សម្រេចការសាងសង់បាន៩៥%ហើយ នៅសល់តែការងារមួយចំនួនតូចប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។

ឯកឧត្តមបានបន្ថែមថា៖ ក្រសួងនឹងរៀបចំជាវីដេអូណែនាំអំពីការប្រើប្រាស់ផ្លូវនេះឱ្យបានច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថាផ្លូវនេះជាផ្លូវល្បឿនលឿនលើកដំបូងរបស់កម្ពុជាយើង។

ឯកឧត្តមបញ្ជាក់៖ ម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួន  ដោយមិនបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ឬចេញពីកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នីមួយៗនឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។

ដោយឡែកទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ ឯកឧត្តមបានឱ្យដឹងថា៖ ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោងអាចបើកបរបាន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿន ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារផ្លូវនេះមានសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។

ចំពោះតម្លៃវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លាអាមេរិក សម្រាប់ការធ្វើដំណើទៅ-មក ហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទានដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ (អានបន្ថែម)

- Video Advertisement -