ក្រសួងបរិស្ថានបើកដំណើរការឡដុតសំណល់កូវីដ និងសំណល់វេជ្ជសាស្ត្រនៅខេត្តសំខាន់ៗ ៤
ឡដុតកម្ទេចសំណល់វេជ្ជសាស្ត្រ និងសំណល់រឹងនានា ដែលមានសមត្ថភាពដុតសំរាមបានចន្លោះពី ៥តោន ដល់ ៧តោន ក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី ២០ កញ្ញា កន្លងមកនេះ នៅខេត្តសំខាន់ៗ ចំនួន ៤ រួមមាន ខេត្តកែប ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបង។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ឡទាំងនេះនឹងជួយឱ្យរដ្ឋបាលខេត្តនីមួយៗ គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សំខាន់ជាងនេះ ឡនេះ ក៏នឹងជួយគ្រប់គ្រងសំណល់គ្រោះថ្នាក់ពីមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ឬសំណល់វេជ្ជសាស្ត្រពីមន្ទីរព្យាបាលឱ្យកាន់តែប្រសើរឡើងផងដែរ។
ឯកឧត្តមបន្តថា ឡទាំង ៤ គឺស្ថិតក្នុងចំណោមឡចំនួន៥៤ ដែលក្រសួងបរិស្ថាន បានបំពាក់នៅក្រុង ស្រុក និងអង្គភាពចំនួន៥៤ ក្នុងរាជធានី-ខេត្តចំនួន២០។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថាន សំណល់រឹងដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេស មានប្រមាណ១០០តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែ អត្រាឆ្លងជំងឺកូវីដ១៩មានការធ្លាក់ចុះ។

