ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការប្តេជ្ញាថា នឹងជំរុញគម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ឱ្យចប់ នៅដើមឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងនេះ ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant កាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចេកទេសសំខាន់ៗ ដើម្បីជួយជំរុញល្បឿននៃការសិក្សាគម្រោងនេះឱ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើសុំឱ្យភាគីក្រុមហ៊ុនទាំងពីរយកចិត្តទុកដាក់បន្ថែមទៀត លើការសិក្សាបច្ចេកទេសលម្អិតឱ្យមានគុណភាពខ្ពស់ និងត្រូវសហការជាមួយមន្ត្រីបច្ចេកទេសក្រសួង ដើម្បីពន្លឿនបញ្ចប់គម្រោងសិក្សានេះយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣។
ក្រសួងសាធារណការបានបញ្ជាក់បន្ថែមទៀតថាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ នឹងជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសអាចជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឱ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹកក្នុងផ្ទៃប្រទេសផង និងអាចតភ្ជាប់ជាមួយអន្តរជាតិបានកាន់តែងាយស្រួលផងដែរ៕