ក្រសួងរៀបចំដែនដី៖ បញ្ជាឱ្យរុះចោលសំណង់អគារចំនួន១៤នៅខេត្តព្រះសីហនុ

គណៈកម្មការចុះពិនិត្យគុណភាពសំណង់របស់ក្រសួងដែនដី និងនគរូបនីយកម្ម បានបញ្ជាឲ្យមានការរុះរើចោលនូវសំណង់១៤អគារនៅខេត្តព្រះសីហនុក្នុងរយៈពេលប្រមាណ៩ខែនៃការបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់ក្នុងក្រុងព្រះសីហនុ។

នេះបើយោងទៅតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សេង ឡូត ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនថា នៅខេត្តព្រះសីហនុក្រោយពីមានព្រឹត្តិការណ៍មួយនៃការបាក់រលំអគារនោះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចុះពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ។ មកដល់ពេលនេះ ការពិនិត្យនេះបានជាង៥០០សំណង់ហើយ។»

ឯកឧត្តមបានបន្តថា៖ «សំណង់ដែលត្រូវបានសម្រេចឱ្យរំលាយចោលនេះមានការអនុញ្ញាត និងវាយតម្លៃច្បាស់លាស់និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលតែម្តងគឺមាន ១៤ អគារ។ហើយជាង១០០អគារទៀតគឺមានការ អញ្ជើញក្រុមហ៊ុនជំនាញឲ្យមកជួយធ្វើកោសល្យវិច្ច័យ ដើម្បីមានភាពច្បាស់លាស់ថាតើអគារទាំងនោះ មានគុណភាពអាចបន្តសាង់សង់បញ្ចប់ ឬបន្តប្រើប្រាស់បានហើយឬនៅ។»

គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុត្រូវបានសម្រេចបង្កើតនៅចុងខែមិថុនា ឆ្នាំ២០១៩។ ការបង្កើតនេះគណៈកម្មការនេះ ធ្វើឡើងក្នុងគោលបំណងចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត បទដ្ឋានសំណង់ បទដ្ឋានសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ។ក្រៅពីនេះ ក៏មានការចុះពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់ផងដែរ។

គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតឲ្យសាងសង់សំណង់ក្នុងខេត្តព្រះសីហនុសម្រាប់អគារចាប់ពី ៥ជាន់ទៅមានចំនួន ២៨៤អគារ និងសម្រាប់បូរីមានចំនូន ៣១២គម្រោង។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៩ ការដ្ឋានសំណង់ចំនួន ២៣ និងសំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុ ត្រូវបានគណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុ បញ្ជាឲ្យរុះរើដោយសារមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព។ (អានបន្ថែម) និង (បន្ថែម)

- Video Advertisement -