ក្រសួងសាធារណការបើកការដ្ឋានជូសជុលផ្លូវ ២ ខ្សែទៀតនៅខេត្តព្រះសីហនុ
ផ្លូវខេត្តចំនួន ២ ខ្សែ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២០ សីហា កន្លងមកនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
ផ្លូវខេត្តចំនួន ២ ខ្សែ នេះរួមមាន ផ្លូវលេខ ១៤៦បេ និងផ្លូវលេខ ១៤៨ ដោយស្ដារឡើងវិញដោយក្រាលកៅស៊ូ DBST និងចាក់បេតុងសរសៃដែក។
កំណាត់ផ្លូវ ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស មានប្រវែងសរុប ២៤,៥០គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ។ការជួសជុលផ្លូវនេះចែកចេញជា ១០កំណាត់ ដែលមានប្រវែងសរុប ៣.៥៨០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ដោយក្រាលកៅស៊ូបាចថ្មពីរជាន់(DBST) ។
ចំណែកឯកំណាត់ផ្លូវលេខ ១៤៨ ឬ វិធីសម្ដេតេជោ ហ៊ុន សែន មានប្រវែងសរុប ២៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥០០ មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដល់ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ។
គម្រោងទាំង២ នេះ នឹងចំណាយថវិកាសរុបប្រមាណជាង ១ លានដុល្លារ ដែលជាថវិកាជាតិសម្រាប់គម្រោងជួសជុលផ្លូវថ្នល់។
សូមបញ្ជាក់ថា ការជួសជុលនេះ គឺជាការជួសជុលបណ្ដោះអាសន្ន ដោយជួសជុលត្រង់ចំណុចរងការខូចខាតតែប៉ុណ្ណោះ ព្រោះថាផ្លូវនេះ ក្រសួងកំពុងសិក្សាដើម្បីពង្រីក និងលើកកម្ពស់គុណភាពផ្លូវនេះពីការក្រាលកៅស៊ូបាចពីរជាន់ (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ឬបេតុងសរសៃដែក។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវទាំងពីរខ្សែនេះដើរតួយ៉ាងសំខាន់ក្នុងការបម្រើឱ្យវិស័យដឹកជញ្ជូន មានលក្ខណៈងាយស្រួល លឿន និងចំណាយតិច ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ជាពិសេសការកកស្ទះរថយន្តដឹកជញ្ជូនធុនធ្ងន់។
ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបពីគម្រោងអភិវឌ្ឍន៍ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជូនអង្គពិធីផងដែរ ដូចជា៖ ការពង្រីក និងលើកម្ពស់គុណភាពផ្លូវជាតិលេខ៣ លេខ៣១ លេខ៣៣ លេខ៤១ លេខ១០ លេខ៤ ស្ពាននានា និងកំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានសម្កត់ធ្ងន់លើគម្រោងអភិវឌ្ឍន៍បន្ថែមផ្លូវនៅក្នុងខេត្តព្រះសីហនុ ដូចជាផ្លូវលេខ ១៤៩បេ បំបែកចេញពីផ្លូវជាតិលេខ៤ ត្រង់សាលាឃុំបិត្រាង ឆ្ពោះទៅកាន់រង្វង់មូលតោពីរ និងផ្លូវពីព្រលានយន្តហោះ ឆ្ពោះទៅកាន់រង្វង់មូលតោពីរជាដើម។
លើសពីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានឲ្យដឹងថា ផ្លូវជាតិលេខ១០ ដែលនឹងតភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុ គឺត្រៀមនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ។ (អានបន្ថែម)




- Video Advertisement -