ក្រសួងសាធារណការបើកមណ្ឌលផ្តល់សេវា នៅផ្សារទំនើប Heritage Walk ខេត្តសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកឱ្យដំណើរការជាផ្លូវការហើយ នូវមណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់កម្ពុជា ដែលមានទីតាំងស្ថិតនៅផ្សារទំនើប Hertiage Walk ជាន់ទី២ ក្នុងខេត្តសៀមរាប។
មណ្ឌលថ្មីនេះ នឹងផ្ដល់សេវាដូចជា ការចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិយានយន្ត ប្ដូរប័ណ្ណបើកបរ និងដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។
សេវាកម្មនឹងចាប់ពីថ្ងៃដាក់ដំណើរការនេះតទៅ ដោយបើក ៧ថ្ងៃ ក្នុង ១ សប្ដាហ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៨ យប់។
ថ្លែងក្នុងពិធីសម្ពោធនាព្រឹកថ្ងៃទី ២១ កក្កដា នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបើកឱ្យដំណើរការមណ្ឌលនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ ឱ្យចំណេញពេល និងកាត់បន្ថយការចំណាយ ពោលគឺមិនចាំបាច់ធ្វើដំណើរទៅទទួលសេវាដល់ភ្នំពេញ។
ឯកឧត្តមបញ្ជាក់ថា រាល់ការទៅទទួលសេវានៅមណ្ឌលនេះ គឺមិនមានការយកកម្រៃក្រៅផ្លូវការណាមួយឡើយ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ចំនួន ៥ ទីតាំងរួមមាន៖ មណ្ឌលផ្សារទំនើបអ៊ីអន១ មណ្ឌលផ្សារទំនើបអ៊ីអន២ មណ្ឌលផ្សារទំនើបជីបម៉ុង ណូរ៉ូ ម៉ល មណ្ឌលទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌល ផ្សារទំនើប Heritage Walk៕

