ក្រសួងសាធារណការ ពិភាក្សាលើការលម្អប្រព័ន្ធព័ស្តុភារកម្ម

កម្ពុជា-ជប៉ុន (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២  បានបើកកិច្ចពិភាក្សារួមគ្នា លើ ៦ចំណុចធំៗ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគម្រោងកែលម្អប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។

កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ឯកឧត្តម វ៉ាស៊ឹម សុរិយា បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាព ដែលត្រូវអនុវត្តបន្ត នៅខែបន្ទាប់ បញ្ហាប្រឈមនានា សំណូមពរ និងដំណោះស្រាយ និងដើម្បីពិភាក្សាទៅលើលទ្ធផលដែលបានរំពឹង។

ក្នុងថ្ងៃដដែល​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងក្នុងការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យព័ស្តុភារកម្ម និងទិន្នន័យព័ស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាងកម្ពុជា-ឡាវ-វៀតណាម (វគ្គ២)។

សិក្ខាសាលានេះរៀបចំឡើងដោយ គម្រោងសហប្រតិបត្តិការបច្ចេកទេស នៃមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីតំណាងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ប្រទេសឡាវ តំណាងវិទ្យាស្ថានមេគង្គ អ្នកជំនាញជាតិ និងអន្តរជាតិ ផ្នែកព័ស្តុភារកម្ម អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សមាគមព័ស្តុភារកម្មកម្ពុជា (CLA) និង សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា (CAMTA) ផងដែរ។

ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានគូសបញ្ជាក់បន្ថែមពីសារៈសំខាន់នៃសិក្ខាសាលានេះគឺផ្តោតសំខាន់លើការផ្តល់ជាចំណេះដឹងផ្នែកគ្រប់គ្រង និងការរៀបចំទិន្នន័យស្ថិតិវិស័យព័ស្តុភារកម្មទាំងនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបីក្នុងការរួមគ្នាកសាងទិន្នន័យមូលដ្ឋាននៅក្នុងវិស័យដឹកជញ្ជូន និងព័ស្តុភារកម្ម ជាពិសេសការចែករំលែកចំណេះដឹងអនុវត្ត និងបទពិសោធន៍របស់អ្នកជំនាញ ការអន្តរជាតិផ្នែកព័ស្តុភារកម្មមកពីទ្វីបអឺរ៉ុប និងអាស៊ីដល់សិក្ខារកាម។

- Video Advertisement -