ក្រសួងសាធារណការ ៖ គម្រោងសាងសង់ធំៗរបស់រដ្ឋនៅដំណើរការធម្មតា ទោះមានការបិទខ្ទប់ក្ដី

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា ដំណើរការសាងសង់គម្រោងធំៗរបស់រដ្ឋ ដូចជាស្ពាន ថ្នល់ ប្រព័ន្ធលូបង្ហូរទឹក និងចម្រោះទឹកកខ្វក់នានា នៅតែបន្តតាមផែនការ ទោះបីទីតាំងមួយចំនួនស្ថិតក្នុងវិធានការបិទខ្ទប់ក្ដី។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «ទោះការបិទខ្ទប់បង្កឱ្យមានការលំបាកមួយចំនួនដូចជា ការធ្វើដំណើររបស់កងវិស្វកម្ម ឬការចុះត្រួតពិនិត្យគម្រោងក្ដី ប៉ុន្តែគឺមិនទាន់ប៉ះពាល់ដល់ដំណើរគម្រោងទាំងមូលទេ»។

«ដូចជាមិនទាន់មានអីប៉ះពាល់ទេ គម្រោងសាងសង់ធំៗ ដូចជាគម្រោង Expressway នៅដំណើរការធម្មតា ព្រោះគេធ្វើការនៅតាមការដ្ឋានតាមផ្នែក និងមានស្នាក់ការគម្រោងជាកង់ៗ ប៉ុន្តែបើឆ្លងពីខេត្តមួយទៅខេត្តមួយក៏ពិបាកដែរ» ឯកឧត្តម បានបន្ត។

ទោះជាយ៉ាងណា ឯកឧត្តម វ៉ាស៊ីម សុរិយា បញ្ជាក់ថា បើសិនវិធានការបិទខ្ទប់ និងបម្រាមគោចរ អូសបន្លាយ វានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់ ព្រោះទាក់ទងនឹងការដឹកជញ្ជូនគ្រឿងចក្រ និងសម្ភារសាងសង់ពីក្រៅប្រទេសជាដើម។

គួបញ្ជាក់ផងដែរ គិតត្រឹមចុងខែមីនា គម្រោងផ្លូវល្បឿនលឿនសម្រេចបានជិត ៥០% ហើយ ដោយឡែក ការដ្ឋានស្ថាបនាផ្លូវ ៣៨ នៅសៀមរាបក៏សម្រេចបាន ៣០% ភាគរយហើយដែរ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]