ក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់និងអចលនទ្រព្យនឹងកើនត្រឹម ២,៩% និង ២,៧% ប៉ុណ្ណោះក្នុងឆ្នាំ២០២១
កំណើនវិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ស្ថិតនៅអត្រា -២,៤% និង -៤,៩% ដែលជាការធ្លាក់ចុះធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺប្រមាណ ២៣,២% និង ១១,៩% បើបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ ប៉ុន្តែវិស័យទាំង២ ត្រូវបានអ្នកជំនាញព្យាករថានឹងកើនតិចតួចត្រឹម ២,៩% និង ២,៧% ក្នុងឆ្នាំ ២០២១។នេះបើយោងតាមរបាយការណ៍ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៧ មករា នេះ។
ការធ្លាក់ចុះនៃវិស័យទាំង២ គឺដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានកាត់បន្ថយការវិនិយោគពីបរទេស និងការធ្លាក់ចុះនៃតម្រូវការ។ លើសពីនេះ ឆ្នាំ ២០២០ គឺជាឆ្នាំដំបូងដែលអត្រាកំណើននៃវិស័យទាំងពីរ ស្ថិតនៅកម្រិតអវិជ្ជមានបើរាប់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។
របាយការណ៍ដដែលបានបន្ថែមទៀតថា កំណើននៃការនាំចូលសម្ភារសំណង់ជារួម ក៏ធ្លាក់ចុះពី +៥៧,៥% ក្នុងឆ្នាំ ២០១៩ ដល់ -១៨,២% ក្នុងឆ្នាំ ២០២០ ដែលក្នុងនោះដែកធ្លាក់យ៉ាងគំហុកពី +៥៧,២% ដល់ប្រមាណ -៤០% ។
ដោយឡែកសម្រាប់វិស័យអចលនទ្រព្យវិញ ចំនួននៃទិញលក់មានការថយចុះបន្តិចប៉ុណ្ណោះពីប្រមាណ ៩០០០ ក្នុងឆ្នាំ ២០១៩ ទៅ ៨៣០០ ក្នុង ២០២០។
ទោះយ៉ាងណាក្ដី វិស័យទាំងពីរត្រូវព្យាករថានឹងកើនឡើងបន្តិចនៅឆ្នាំ ២០២១ ដោយសារនិន្នាការវិជ្ជមាន និងតម្រូវខ្ពស់នៃលំនៅដ្ឋានដែលមានតំលៃសមរម្យ និងកំណើនសេដ្ឋកិច្ចវិជ្ជមាន។
គួរបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ប្រមាណ ៤% សម្រាប់ឆ្នាំ ២០២១ ដោយសារការរំពឹងទុកនៃការហូរចូលមកវិញនៃការវិនិយោគពីបរទេស និងតម្រូវការជាសកល ក៏ដូចជាវិធានការណ៍របស់រដ្ឋាភិបាល។

