ក្រសួងស្នើឱ្យអ្នកអភិវឌ្ឍន៍បញ្ចូលហេដ្ឋារចនាសម័ន្ធសម្រួលដល់ជនពិការក្នុងគម្រោងសាងសង់នានា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ទាំងរដ្ឋ និងឯកជន ត្រូវគិតគូរបញ្ចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជនពិការ ក្នុងគម្រោងនានារបស់ខ្លួន ទិសដៅដើម្បីបង្កើតសិទ្ធិស្មើភាពគ្នាក្នុងសង្គម។

នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែសីហា ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមន្ទីរររាជធានីខេត្ត យកចិត្តទុកដាក់អនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ចំពោះគម្រោងសាងសង់អគារ។

ឯកឧត្តម មានប្រសាសន៍ថា៖ «រាល់គម្រោងប្លង់ដែលបានដាក់ស្នើសុំលិខិតអនុញ្ញាតសាងសង់ដូចជា អគារដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព សំណង់បុរីលំនៅឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ រោងចក្រ ត្រូវរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព»។

លើសពីនេះ ឯកឧត្តម ក៏ជំរុញឱ្យមានការត្រួតពិនិត្យ នៅពេលសាងសង់ឱ្យអនុវត្តត្រឹមត្រូវតាមគម្រោងប្លង់។ ប្រសិនសំណង់អគារបញ្ចប់ការសាងសង់ ដោយមិនបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវចេញវិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនឡើយ៕

- Video Advertisement -