ក្រសួង៖ ដំណើរការផលិតកម្មបូមប្រេងនៅទែបន្ត ទោះជាក្រុមហ៊ុនមេ KrisEnergy ប្រកាសរំលាយក្រុមហ៊ុន

ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្រុមហ៊ុន KrisEnergy (Cambodia) នៅតែបន្តប្រតិបត្តិការបូមប្រេងឆៅតាមធម្មតា ទោះក្រុមហ៊ុនមេរបស់ខ្លួននៅប្រទេសសិង្ហបុរី ប្រកាសរំលាយក្រុមហ៊ុនដោយសារជាប់បំណុលគ្មានលទ្ធភាពសងក្ដី។

ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុន KrisEnergy នៅកម្ពុជា នៅដំណើការធម្មតា។ ក្រមហ៊ុននឹងធ្វើការជូនដំណឹងដល់យើងពីវឌ្ឍនភាពនៃការប្រកាសរំលាយក្រុមហ៊ុនបន្ថែមទៀត។

«វាត្រូវតែមាននីតិវិធីតុលាការបន្តបន្ទាប់មកទៀត មិនដឹងថាអ្នកណាត្រូវគ្រប់គ្រងក្រុមហ៊ុន KrisEnergy នៅកម្ពុជា និងប្រតិបត្តិការបន្តទេ។ ប៉ុន្តែអ្វីជាការងារ និងកាតព្វក្នុងកិច្ចព្រមព្រៀង ក្រុមហ៊ុនត្រូវបន្តការងារនេះ ។ ដូច្នេះ ការពិភាក្សារឿងលក់ប្រេង យើងនៅតែបន្តពិភាក្សាបន្ត» ឯកឧត្តមបានបន្ត។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន KrisEnergy កាលពី៤ មិថុនា បានប្រកាសថាខ្លួនមិនអាចសងបំណុលបានទេ ហើយនឹងដំណើរការបិទក្រុមហ៊ុនលក់ទ្រព្យសងបំណុល (liquidation) ឆាប់ៗនេះ។ (អានបន្ថែម)

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន KrisEnergy ការសម្រេចចិត្តបែបនេះដោយកត្តាច្រើនយ៉ាង ដោយកត្តាមួយក្នុងនោះគឺ លំហូរសាច់ប្រាក់ពីការបូមប្រេងនៅអណ្ដូងអប្សារាដំណាក់កាលទី ១ គឺទាប ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចស្នើម្ចាស់បំណុលបន្ធូរបន្ថយការសង់បំណុលបាន។

ទោះជាកំពុងមានភាពមិនច្បាស់លាស់បែបនេះក្ដី រដ្ឋាភិបាលកម្ពុជា កាលពីព្រឹកមិញនេះ បានហែរប្រេងដំណក់ប្រេងយកទៅតម្កល់នៅវិមានឈ្មះ ឈ្នះ ដើម្បីឆ្លុះបញ្ជាំងពីសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាផងដែរ។

- Video Advertisement -