ក្រុមហ៊ុនកូរ៉េចំនួន ៥០ ចង់មកវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា
បណ្ដារក្រុមហ៊ុនចំនួន ៥០ មកពីសម្ព័ន្ធឧស្សាហកម្មកូរ៉េ (KIAF) ចង់មកវិនិយោគលើវិស័យអាទិភាពសំខាន់ៗនៅកម្ពុជា នាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់ពីវិស័យទាំងនេះរួចរាល់ហើយ។
ថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា។
លោកបន្តថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ មានបំណងមកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។
ជាការឆ្លើយតប សម្ដេច បានស្វាគមន៍ចំពោះសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដែលមកកាន់កម្ពុជា ខណៈសម្តេចក៏ បានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
គួររំលឹកថា ត្រឹមរយៈពេលមួយខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩៣៩លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ (អានបន្ថែម)
របាយការណ៍ដដែលបន្តថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះដែរ ឃើញថាការវិនិយោគមកពីប្រទេសវៀតណាមស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១,០៨% នៃទុនវិនិយោគសរុប ខណៈប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក ២៤,២៦% នៃទុនវិនិយោគសរុប និងកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក ១៤,៤៩% នៃទុនវិនិយោគសរុប។
ចំណាប់អារម្មណ៍ដែលកំពុងកើនឡើងពីក្រុមហ៊ុនកូរ៉េនេះ គឺជាក្តីសង្ឃឹមមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងកំណើនប្រកបដោយចីរភាព។ នៅពេលដែលការពិភាក្សាបន្ត សក្ដានុពលសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចកាន់តែរឹងមាំរវាងកូរ៉េ និងកម្ពុជាមើលទៅមានការរីកចម្រើន។
- Video Advertisement -