ក្រុមហ៊ុនកូរ៉េ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ស្ពានកោះកុងថ្មី តម្លៃ $ ១១៤លាន

ក្រុមហ៊ុនវិនិយោគធំៗមកពីកូរ៉េចំនួន០៥ បច្ចុប្បន្នកំពុងធ្វើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ស្ពាន កោះកុង និងការកែលម្អកំណាត់ផ្លូវជាតិលេខ៤៨ ដែលគ្រោងនឹងចំណាយថវិកាតម្លៃប្រមាណ ១១៤លានដុល្លារ ដើម្បីពង្រីកការតភ្ជាប់ពីក្រុងខេមរភូមិន្ទទៅព្រំដែនភាគខាងលិចនៃប្រទេសកម្ពុជា នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនកូរ៉េជាមួយរដ្ឋបាលខេត្តកោះកុង និងស្ថាប័នមន្ទីរពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។

យោងតាមសេចក្តីព្រាងផែនការបឋមនៃគម្រោងនេះ ស្ពានកោះកុងថ្មីដែលនឹងត្រូវសាងសង់ឡើងមានប្រវែង ១៧០០ម៉ែត្រ ជាពីរ ២គន្លង និងមាន​ទទឹងប្រវែង ១០ម៉ែត្រ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​កែលម្អ​ផ្លូវ​ឆ្លងកាត់​ព្រែកកោះប៉ោ។ បន្ថែមលើនេះ កំណាត់ផ្លូវជាតិលេខ៤៨ ដែលនៅសេសសល់ប្រវែង ៧,៨ គីឡូម៉ែត្រ តភ្ជាប់ពីគល់ស្ពានកោះកុងទៅដល់ព្រំដែនកម្ពុជាថៃ ក៏នឹងត្រូវកែលម្អទៅជាផ្លូវក្រាលបេតុង មាន ៤គន្លងផងដែរ។

ទោះយ៉ាងណាក៏ដោយ ប្រវែង ទំហំ និងទីតាំងជាក់លាក់នៃគម្រោងស្ពានកោះកុងថ្មីនេះ នៅមិនទាន់កំណត់ជាផ្លូវការនៅឡើយ ដោយសារគម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សា សមិទ្ធិលទ្ធភាពនៅឡើយ។ ប៉ុន្តែប្រភពពីលទ្ធផលនៃកិច្ចប្រជុំកន្លងទៅថ្មីៗនេះ បានបង្ហាញជម្រើស នៃការរចនាស្ពានថ្មីនេះ ចំនួនពីរ ដែលកំពុងស្ថិតក្រោមការវាយតម្លៃ៖ (១) ​ការពង្រីកស្ពានកោះកុងចាស់ ជាមួយនឹងគន្លងថ្មីពីរ ឬ (២) រុះរើស្ពានចាស់បច្ចុប្បន្ន  ហើយជំនួសវិញដោយស្ពានបួនគន្លង ដែលមានលក្ខណៈទំនើបតែម្តង។ លើសពីនេះ ការកែលម្អផ្លូវក្រាលកៅស៊ូ និងរចនាសម្ព័ន្ធគន្លងកំពុងត្រូវ បានពិចារណា ដើម្បីគាំទ្រដល់លំហូរចរាចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្ត។

ដោយទទួលបានមូលនិធិតាមរយៈ ជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈធនាគារនាំចេញ-នាំចូលនៃប្រទេសកូរ៉េ (KEXIM) គម្រោងនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូន និងភាពធន់នៅក្នុងខេត្ត។ ការសិក្សាសមិទ្ធិលទ្ធភាពក្នុងការសាងសង់ស្ពានកោះកុងថ្មី និងកែលម្អកំណាត់ ផ្លូវជាតិលេខ៤៨នេះ ត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុន Donghae Engineering & Consultants Co., Ltd. ក្រោមការបណ្តាក់ទុនរួមគ្នាសហការជាមួយ ក្រុមហ៊ុន Kunhwa Engineering & Consulting Co., Ltd., Dongsung Engineering Co., Ltd. និងក្រុមហ៊ុន Kyungdong Engineering Co., Ltd

ជាមួយគ្នានេះ ក្រុមហ៊ុនកូរ៉េ JHSUSTAIN Inc. កំពុងដឹកនាំការវាយតម្លៃផលប៉ះពាល់អាកាសធាតុ ដើម្បីបន្ស៊ីសកម្មភាពគម្រោងជាមួយនឹងគោលដៅប្រកបដោយនិរន្តរភាព ក្រោមក្របខណ្ឌឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុអន្តរជាតិ EDCF ដែលតម្រូវប្រទេសទទួលជំនួញអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ក្នុងនោះមានកម្ពុជាផងដែរ ត្រូវត្រៀមខ្លួនឲ្យបានល្អប្រសើរសម្រាប់ការឆ្លើយតបនឹងការប្រែប្រួល អាកាស ធាតុ និងបញ្ហាប្រឈមបរិស្ថាន។ ក្របខណ្ឌ EDCF មានគោលបំណង កាត់បន្ថយហានិភ័យ អាកាសធាតុ កាត់បន្ថយការបំភាយកាបូន និងបញ្ចូលយុទ្ធសាស្ត្របន្សាំកម្រិតខ្ពស់ ដោយធានាបាននូវនិរន្តរភាព រយៈពេលវែង សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសទទួលជំនួយ។

គម្រោងប្រកបដោយមហិច្ឆតានៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខេត្តកោះកុងនេះ នឹងដើរតួយ៉ាង សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងផ្លូវពាណិជ្ជកម្ម និងការកែលម្អការតភ្ជាប់នៅក្នុងខេត្តកោះកុង ដែលជាខេត្តមួយ ក្នុងចំណោមខេត្តដែលមានទីតាំងយុទ្ធសាស្ត្របំផុតរបស់កម្ពុជា៕

- Video Advertisement -