ក្រុមហ៊ុនខ្នាតយក្ស Sembcorp គ្រោងពង្រីកសួនឧស្សាហកម្មនិងទីផ្សារកាបូនទាបនៅអាស៊ី ខណៈវៀតណាមនិងឥណ្ឌូនេស៊ី ក្លាយជាគោលដៅទីមួយ
ក្រុមហ៊ុនខ្នាតយក្សរបស់សិង្ហបុរី Sembcorp Industries (Sembcorp) គ្រោងនឹងដឹកនាំការអភិវឌ្ឍសួនឧស្សាហកម្មកាបូនទាបនៅអាស៊ី ជាមួយនឹងផែនការយុទ្ធសាស្រ្តដើម្បីពង្រីកធនាគារដីរបស់ខ្លួនដល់ ១៨.០០០ ហិកតានៅឆ្នាំ ២០២៨ និងជំរុញទ្រព្យសម្បត្តិឧស្សាហកម្មរបស់ខ្លួនពី ១០០.០០០ ម៉ែត្រការ៉េដល់ ១,៥លានម៉ែត្រការ៉េ។ ស្របពេលដែលប្រទេសវៀតណាម និងឥណ្ឌូនេស៊ី កំពុងបង្ហាញឱកាសនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដោយសារដំណើរការផលិតផលក្នុងស្រុកសរុបដ៏ខ្លាំងខ្លា បូករួមនិងសកម្មភាពផលិតកម្មកើនឡើង និងការកើនឡើងនៃវណ្ណៈកណ្តាល ក្រុមហ៊ុនវិនិយោគផ្នែកនគរូបនីយកម្មដ៏ល្បីឈ្មោះ Sembcorp ត្រៀមខ្លួនជាស្រេចដើម្បីទាញយកប្រយោជន៍ពីលក្ខខណ្ឌទីផ្សារអំណោយផលទាំងនេះ ដោយដាក់គោលដៅសម្រាប់អត្រាកំណើនប្រចាំឆ្នាំ (CAGR) លើសពី ១៥% នៅក្នុងប្រាក់ចំណេញសុទ្ធ និងប្រាក់ចំណេញដែលរំពឹងទុក (ROE) ១០% នៅត្រឹមឆ្នាំ ២០២៨។ ផែនការដ៏មានមហិច្ឆតានេះ ត្រូវបានបង្ហាញឱ្យដឹងដោយ Sembcorp និងចេញផ្សាយដោយ Solarquarter នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៤។
ចាប់តាំងពីឆ្នាំ ១៩៩៤ មកអាជីវកម្មអភិវឌ្ឍទីក្រុងរបស់ក្រុមហ៊ុន Sembcorp បានទាក់ទាញអតិថិជនជាង ១.០០០ ដោយជោគជ័យ និងទទួលបានការវិនិយោគជាង ៥០ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារបានជាង ៣៧០.០០០កន្លែង។ មូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ពង្រឹងជំហររបស់ក្រុមហ៊ុនក្នុងការធានាគម្រោងថ្មីទាំងនៅក្នុងទីផ្សារដែលមានស្រាប់ និងទីផ្សារថ្មី ជាពិសេសនៅវៀតណាម ឥណ្ឌូនេស៊ី និងចិន។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ក្រុមហ៊ុន Sembcorp គ្រោងនឹងវិនិយោគបន្ថែមប្រមាណ ៧០០ លានដុល្លារសិង្ហបុរី នៅក្នុងផែនការវិនិយោគផ្នែកកម្មវិធីធផ្តល់ដំណោះស្រាយទីក្រុងរយៈពេល ៤ឆ្នាំខាងមុខ។ ការវិនិយោគនេះ នឹងត្រូវបានផ្តល់មូលនិធិតាមរយៈការរួមបញ្ចូលគ្នានៃលំហូរសាច់ប្រាក់ប្រតិបត្តិការរបស់ក្រុមហ៊ុនផ្ទាល់ ហិរញ្ញប្បទានគម្រោង មូលនិធិផ្ទៃក្នុង និងការកែច្នៃដើមទុន។
ដើម្បីបន្ស៊ីយុទ្ធសាស្ត្រតាមតម្រូវការទីផ្សារដែលកំពុងកើនឡើងជាពិសេសក្នុងវិស័យដំណោះស្រាយចីរភាព ក្រុមហ៊ុន Sembcorp កំពុងប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងថាមពលកកើតឡើងវិញ និងវិស័យនិកាបូនីយកម្ម ( decarbonization ) ដើម្បីផ្តល់ជូននូវដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធបៃតងនិងឆ្លាតវៃ។ ក្រុមហ៊ុននេះ គ្រោងនឹងអភិវឌ្ឍសួនឧស្សាហកម្មកាបូនទាបនៅតំបន់ Batam ប្រទេសឥណ្ឌូនេស៊ី ដោយផ្តោតលើការអភិវឌ្ឍរោងចក្រផលិតកម្រិតខ្ពស់ និងមជ្ឈមណ្ឌលទិន្នន័យ។
ជាក់ស្តែង ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយដៃគូ ដែលបានចុះហត្ថលេខានៅក្នុងប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ ពង្រឹងបន្ថែមលើការប្តេជ្ញាចិត្តរបស់ Sembcorp ចំពោះវិស័យធុរកិច្ចបែបនិរន្តរភាព ដែលធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាជម្រើសដ៏ពេញចិត្តសម្រាប់ក្រុមហ៊ុននានាក្នុងពិភពលោក ដែលស្វែងរកគ្រឿងបរិក្ខារដែលមិនប៉ះពាល់ដល់បរិស្ថាន។
ស្របពេលដែលក្រុមហ៊ុន Sembcorp កំពុងពន្លឿនការពង្រីកវត្តមានរបស់ខ្លួននៅទូទាំងអាស៊ី គោលដៅឆ្នាំ ២០២៨ របស់ក្រុមហ៊ុននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំវិស័យសួនឧស្សាហកម្មកាបូនទាប ដែលជំរុញដោយការច្នៃប្រតិដ្ឋ និរន្តរភាព និងភាពជាដៃគូយុទ្ធសាស្ត្រ៕
- Video Advertisement -