ក្រុមហ៊ុនចិនចង់វិនិយោគបង្កើតសេវារថយន្តក្រុង នៅក្រុងព្រះសីហនុ

វិនិយោគិនចិន បានស្នើសុំចង់វិនិយោគបង្កើតសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងនៅក្រុងព្រះសីហនុ ខណៈរដ្ឋបាលខេត្តគាំទ្រពេញទំហឹង ដោយស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យល្អិតល្អន់បន្ថែម មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀង។

សំណើនេះ ត្រូវបានធ្វើឡើងក្នុងជំនួប រវាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាមួយអ្នកវិនិយោគចិន នាថ្ងៃទី២២ ខែកញ្ញា កន្លងទៅ។

តំណាងអ្នកវិនិយោគចិន បានលើកឡើងថា ដោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ទើបក្រុមអ្នកវិនិយោគចិន ចង់វិនិយោគបង្កើតសេវាដឹកជញ្ជូនតាមរថយន្តក្រុងនេះឡើង។

ប្រភពដដែលបញ្ជាក់ថា សម្រាប់ដំណាក់កាលដំបូង អាចនឹងរថយន្តក្រុងចំនួន៣០គ្រឿង ដោយគ្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុ។

ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រ ប៉ុន្តែក៏បានស្នើទៅក្រុមអ្នកវិនិយោគចិន ឱ្យសិក្សាតម្លៃសេដ្ឋកិច្ចឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគ ។

ឯកឧត្តម បន្ថែមទៀតថា៖ «យើងចង់បានសេវាដឹកជញ្ជូនសាធារណៈ ដើម្បីចូលរួមជួយសម្រួលការធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណេញថវិកា។ ហេតុនេះអ្នកវិនិយោគ ត្រូវសិក្សាពីប្រភពសេដ្ឋកិច្ច ខ្សែរត់ ការធ្វើចំណតរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការវិនិយោគលើសេវាកម្មដឹកជញ្ជូនឱ្យបានទូលំទូលាយ»។

«ម្យ៉ាងទៀត ក្រុមហ៊ុន ត្រូវរកអ្នកជំនាញសិក្សាគម្រោង និងធ្វើបទបង្ហាញដើម្បីធានាការបោះទុនវិនិយោគលើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ ដើម្បីសម្រេចជោគជ័យ »។

- Video Advertisement -