ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក CHEN Simon ប្រធាន ADATA ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក CHEN Simon បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិនត្រឹមតែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់សហការជាមួយក្រសួង ស្ថាប័ននានារបស់កម្ពុជា ដើម្បីបង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាទំនើបថែមទៀតផង។ ការផ្តោតជាយុទ្ធសាស្ត្រនេះ មានគោលបំណងចង់លើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យានាយុគសម័យថ្មីនេះ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈសម្តេចថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះដែរ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។
គួររម្លឹកថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនរបស់តៃវ៉ាន់ ADATA Technology Co., Ltd ធ្លាប់បានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនម្តងរួមមកហើយ ដែលគម្រោងនោះមានតម្លៃដល់ជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទនៅប្រទេសកម្ពុជា។ (អាន បន្ថែម និង បន្ថែម)
គួរបញ្ជាក់ថា ក្រុមហ៊ុន ADATA Technology Co., Ltd. ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំងមានការិយាល័យតំណាងជាង ៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅបណ្តាប្រទេសនានាជុំវិញពិភពលោក។ ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក, រ៉ូបូត, កុំព្យូទ័រ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត។
នៅពេលដែលប្រទេសកម្ពុជាស្វែងរកការបង្កើនសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន និងទាក់ទាញការវិនិយោគពីបរទេស ការរំពឹងទុកនៃការសហការជាមួយមេដឹកនាំពិភពលោកដូចជា ADATA បង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យារបស់ប្រទេស៕

- Video Advertisement -