ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ដ៏ល្បីរបស់ជប៉ុន សម្ពោធពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា
ក្រុមហ៊ុន Daikin ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខគេមួយរបស់ប្រទេសជប៉ុន បានសម្ពោធជាផ្លូវការនូវប្រតិបត្តិការពង្រីកខ្លួនបន្ថែមនៅក្នុងប្រទេសកម្ពុជា ដែលនេះជាឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តរបស់អ្នកវិនិយោគលើសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។
ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃវត្តមានរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថា “ការសម្រេចចិត្តរបស់ក្រុមហ៊ុន Daikin ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជានាពេលនេះ មិនមែនគ្រាន់តែជាការពង្រីកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់នូវទំនុកចិត្តរបស់អ្នកវិនិយោគជប៉ុន និងអ្នកវិនិយោគផ្សេងៗទៀត លើសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជាផងដែរ”។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសម៉ាស៊ីនត្រជាក់ តាមរយៈការផ្ទេរចំណេះដឹង និងជំនាញ ជាពិសេសសម្រាប់ជាងដំឡើង ជាងជួសជុល និងជំនាញដែលពាក់ព័ន្ធនឹងដំណោះស្រាយអគារដែលមានប្រសិទ្ធភាពថាមពល។
ជាងនេះទៅទៀត ឯកឧត្តម បានបន្តថា Daikin នឹងចូលរួមចំណែកដល់ការសម្រេចមហិច្ឆតាអព្យាក្រឹតភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០ ដោយបានជំរុញឱ្យក្រុមហ៊ុនធ្វើជាគំរូ និងឈានមុខលើការផលិត និងចែកចាយផលិតផលដែលសន្សំសំចៃថាមពល និងដំណោះស្រាយបៃតង។
ចុងក្រោយ ឯកឧត្ត បានផ្តល់នូវអនុសាសន៍ឱ្យក្រុមហ៊ុន Daikin ពិចារណាបង្កើតរោងចក្រផលិតផ្ទាល់នៅកម្ពុជានាពេលអនាគត ដោយសហការជាមួយក្រុមហ៊ុនក្នុងស្រុកឱ្យបានច្រើន ព្រមទាំងចូលរួមអនុវត្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទាក់ទងនឹងបច្ចេកវិទ្យាប្រព័ន្ធត្រជាក់ ដើម្បីគាំទ្រដល់ឧស្សាហកម្មចំណីអាហារ និងកសិ-ឧស្សាហកម្មរបស់កម្ពុជា។
ក្រុមហ៊ុន Daikin ត្រូវបានបង្កើតឡើងក្នុងប្រទេសជប៉ុនមួយសតវត្សមុន គឺជាម៉ាកយីហោឈានមុខគេលំដាប់ពិភពលោក ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣៤៩ នៅទូទាំងពិភពលោក។ ដោយផ្តោតលើការច្នៃប្រឌិតបច្ចេកវិជ្ជា និងដំណោះស្រាយសន្សំសំចៃថាមពល ក្រុមហ៊ុននៅតែបន្តបំពេញតម្រូវការដែលកំពុងវិវត្តរបស់អតិថិជននៅក្នុង ១៧០ប្រទេស។ ការពង្រីកខ្លួនបន្ថែមនៅក្នុងប្រទេសកម្ពុជានេះ គឺចង់បង្ហាញពីអនាគតដ៏ជោគជ័យមួយសម្រាប់អ្នកស្វែងរកការងារធ្វើនៅក្នុងក្រុមហ៊ុន Daikin និងក្នុងស្រុកផងដែរ។


- Video Advertisement -