ក្រុមហ៊ុនម៉ាឡេស៊ីនឹងផ្តល់សេវាកម្មបច្ចេកវិទ្យាតម្លៃជាង១០០លានដុល្លារដល់គម្រោង The City Gate
រូបភាពដោយ Electronic Design
ក្រុមហ៊ុន ARB Berhad ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងកម្មវិធីដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី នឹងផ្តល់សេវាកម្ម ការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗទៅកាន់អិនធឺណេត ឬ Internet of Things (IoT) និងព័ត៌មានវិទ្យាទៅដល់គម្រោងអភិវឌ្ឍន៍ចម្រុះ ‘The City Gate’ នៅតាមបណ្តោយដងទន្លេសាបក្នុងរាជធានីភ្នំពេញ ក្រោយពីក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងជាមួយម្ចាស់អភិវឌ្ឍន៍គម្រោង។
ក្រុមហ៊ុន ARBIOT Sdn Bhd ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន ARB Berhad បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Chean Chhoeng Thai Group (CCTG) ដើម្បីផ្តល់ដំណោះស្រាយការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗទៅកាន់អិនធឺណេត និងព័ត៌មានវិទ្យា ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១០០ លានដុល្លារអាមេរិក។
ថ្លែងទៅកាន់សារព័ត៌មាន The New Straits Times លោក Dato Larry Liew Kok Leong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ARB បានមានប្រសាសន៍ថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងរចនា និងដំឡើងឧបករណ៍តភ្ជាប់ដោយមិនប្រើប្រាស់ខ្សែ កាមេរ៉ាសុវត្ថិភាព វីដេអូប្រើប្រព័ន្ធនៃការទាក់ទងគ្នាទៅវិញទៅមក សន្និសីទវីដេអូ HD ការតភ្ជាប់ប្រព័ន្ធសោតទស្សន៍ និងប្រព័ន្ធបណ្តាញនៅក្នុងអគារ។
កិច្ចព្រមព្រៀងនេះ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេលប្រាំមួយខែ។
គម្រោង ‘The City Gate’ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ រួមមាន បណ្តុំអគារការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលសិល្បៈ ទីធ្លាសម្តែងវប្បធម៌សិល្បៈ ទីធ្លាសួនបាញ់ទឹក របាំលើទឹក និងផ្សារអណ្តែតទឹក សួនកំពង់ផែ ទីធ្លាកម្សាន្ត សួនច្បារសាធារណៈ មជ្ឈមណ្ឌលទេសចរណ៍ឆ្លាតវៃ ការិយាល័យបច្ចេកវិទ្យា អគារស្នាក់នៅរួមបែបវប្បធម៌ អគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ សាលតាំងពិព័រណ៌ មជ្ឈមណ្ឌលបេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាសបែបវប្បធម៌ព្រះពុទ្ធសសាសនា និងសកម្មភាពផ្សេងៗ។
គម្រោងវិនិយោគនេះ បានធ្វើឡើងបន្ទាប់ពីកំពង់ផែស្វយ័តភ្នំពេញ បានជួលដី ៩ហិកតារបស់ខ្លួនពីស្ពានជ្រោយចង្វារដល់ផ្សាររាត្រីតាមបណ្តោយដងទន្លេសាបទៅឱ្យក្រុមហ៊ុនសម្រាប់រយៈពេល ៥០ ឆ្នាំ។ (អានបន្ថែម)

