ក្រុមហ៊ុនល្បីៗចំនួន១៦មកពីអាមេរិក បង្ហាញចេតនាចង់វិនិយោគលើវិស័យសំខាន់ៗ៣ នៅកម្ពុជា
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ថ្មីៗនេះមានគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគមកពីសហរដ្ឋអាមេរិកចំនួន១៦ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងរកឱកាសវិនិយោគដោយផ្តោតលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យបច្ចេកវិទ្យា កសិឧស្សាហកម្ម និងការអប់រំ។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូបានសម្តែងនូវការសាទរចំពោះការចូលរួមជាមួយរាជរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចកម្ពុជា។ ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីតភ្ជាប់ទំនាក់ទំនង ជំរុញភាពជាដៃគូ និងស្វែងយល់ពីគោលនយោបាយលើកទឹកចិត្តនានាសម្រាប់អ្នកវិនិយោគរបស់កម្ពុជា។
លោក គឹម ឆាហួត តំណាងឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ជាសក្ខីភាពមួយបង្ហាញពីភាពទាក់ទាញនិងសក្ដានុពលរបស់កម្ពុជាដែលកំពុងរីកចម្រើន និងជាទិសដៅវិនិយោគដ៏សំខាន់ក្នុងតំបន់។ ការស្វះស្វែងរបស់ក្រុមហ៊ុនទាំង១៦ក្នុងការរុករកទីផ្សារកម្ពុជានេះ បានឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយនៃចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងបន្ទាប់ពីបេសកកម្មទាក់ទាញការវិនិយោគប្រកបដោយជោគជ័យដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅកាន់សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការផ្តោតសំខាន់លើបច្ចេកវិទ្យា កសិឧស្សាហកម្ម និងការអប់រំ នេះគឺស្របតាមគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅពេលដែលកិច្ចពិភាក្សានេះដំណើរការទៅមុខ គេរំពឹងថាកិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគជាក់ស្តែងដែលជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងរួមចំណែកដល់ការរីកចំរើនជារួមរបស់ប្រទេសជាតិក្នុងវិស័យផ្សេងៗបានថែមទៀតផង។
- Video Advertisement -