ក្រុមហ៊ុនសុខាភិបាលដ៏ធំ១មកពីចិន គ្រោងរៀបចំឱ្យមានមន្ទីរពេទ្យចល័តនៅកម្ពុជា
ក្រុមហ៊ុន Sino Group ដែលជាក្រុមហ៊ុនសុខាភិបាលដ៏ធំមួយប្រចាំទីក្រុងហុងកុង នៅប្រទេសចិន បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយបានអះអាងថា នឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័តនៅកម្ពុជាផងដែរ។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Sino Group នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈឯកឧត្តមក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមឱ្យបានកាន់តែច្រើនក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ពិសេសលើវិស័យសុខាភិបាល មានជាអាទិ៍ការរៀបចំមន្ទីរពេទ្យចល័ត (Mobile Hospital) គាំទ្រការផ្ដល់សេវាសុខាភិបាលជូនប្រជាជនក្នុងតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។
ជាការឆ្លើយតប លោក Robert Ng បានសន្យានឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត ដូចដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានស្នើសុំ ដើម្បីជាចំណែកចូលរួមបន្ថែមទៀតគាំទ្រដល់ការការពារសុខុមាលភាពសង្គមកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន Sino Group គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងវិនិយោគឈានមុខគេមួយរបស់ទីក្រុងហុងកុង ហើយបច្ចុប្បន្នក៏កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុននេះក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតទឹកផ្លែឈើ Yeo’s ដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្ដល់ការងារប្រមាណ ៥០០កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ ក្រុមហ៊ុន Sino Group បានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility – CSR) ដើម្បីជំរុញឱ្យសុខុមាលភាពប្រជាជនកាន់តែល្អប្រសើរ ដោយអនុវត្តយុទ្ធសាស្ត្រចំនួនបីគឺ ការរស់នៅបៃតង ស្មារតីសហគមន៍ និងការរចនាប្រកបដោយភាពច្នៃប្រឌិត។
នៅពេលដែលការពិភាក្សានៅតែបន្ត សក្ដានុពលនៃមន្ទីរពេទ្យចល័តអាចនាំឱ្យមានការកែលម្អយ៉ាងសំខាន់ក្នុងការទទួលបានសេវាថែទាំសុខភាពសម្រាប់អ្នកដែលត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជា ដោយស្របតាមគោលដៅវិនិយោគរបស់ក្រុមហ៊ុន Sino Group និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សេវាសុខភាពរបស់ប្រទេស៕
- Video Advertisement -