ក្រុមហ៊ុនហុងកុង ចង់មកវិនិយោគលើឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរនៅកម្ពុជា

វិនិយោគិនហុងកុង មកពីសម្ព័ន្ធក្រុមហ៊ុនហ្វុង បានលើកឡើងថា នាពេលខាងមុខ ខ្លួននឹងពិនិត្យលទ្ធភាពស្វែងរកឱកាសដាក់ទុនវិនិយោគ លើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់នៅតាមតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជា។

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូហុងកុងមកពី សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដឹកនាំដោយ លោក William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសនេះ គណៈប្រតិភូនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង បានកត់សម្គាល់លើការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។

គណៈប្រតិភូខាងលើ ក៏បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាព និងឱកាសដាក់ទុនវិនិយោគរបស់ខ្លួន មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ដោយផ្តោតជាពិសេសលើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស ដែលមានសក្តានុពលផងដែរ។

ជុំវិញរឿងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានរំលេចពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលមានដូចជា៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែអនុគ្រោះបំផុតផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល១ឆ្នាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១.០០០ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៩១គម្រោងនេះ ឃើញថាវិស័យឧស្សាហកម្មបានស្រូបទាញទុនវិនិយោគបានរហូតដល់ ៥២ភាគរយ។

ក្នុងរយៈពេលពេញមួយឆ្នាំនេះដែរ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅ លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុន វិនិយោគសរុប៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]