ក្រុមហ៊ុនហ្វីលីពីន EAG ចង់វិនិយោគបង្កើតសួនឧស្សាហកម្មនៅកម្ពុជា
ក្រុមហ៊ុន Excellent Associates Group Limited (EAG) មានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្ហាញពីចេតនាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើតសួនឧស្សាហកម្ម។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dai Jianlaing ប្រធានក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោកប្រធាន Dai បានបង្ហាញនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៍នេះថាមិនត្រឹមតែបង្កើតសួនឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ពង្រីកគម្រោងកសិឧស្សាហកម្មនៅកម្ពុជាផងដែរ។ ក្នុងន័យនេះ លោកប្រធាន Dai ចង់បញ្ជាក់ថា ការវិនិយោគនេះ នឹងផ្តោតបន្ថែមលើការកែច្នៃ និងនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ រួមមានហុងកុង ចិន និងទីផ្សារដទៃទៀតនាពេលអនាគត។ គួរបញ្ជាក់ថា ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងចំពេលដែលកេរ្តិ៍ឈ្មោះរបស់អង្ករកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់ល្អក្នុងការវាយតម្លៃគុណភាពក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ឆ្លើយតបជាវិជ្ជមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះចេតនាវិនិយោគរបស់ក្រុមហ៊ុន EAG ដោយសង្កត់ធ្ងន់ថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗ ដែលរៀបចំឡើងដើម្បីសម្រួលដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សំដៅទាក់ទាញការវិនិយោគពីបរទេស។
ពាក់ព័ន្ធនឹងវិស័យកសិ-ឧស្សាហកម្ម លោកនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន EAG និងអ្នកវិនិយោគសក្តានុពលផ្សេងទៀត ឱ្យពិចារណាចូលរួមចំណែកក្នុងវិស័យកសិឧស្សាហកម្ម តាមរយៈការវិនិយោគលើការផលិតទំនិញកសិកម្មបន្ថែម និងធាតុចូលសំខាន់ៗដូចជា ជីធម្មជាតិ និងគីមី។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ពីសារៈសំខាន់នៃការលើកកម្ពស់សង្វាក់ផលិតកម្មកសិកម្មដើម្បីបំពេញតម្រូវការទាំងក្នុងស្រុក និងការនាំចេញផងដែរ។
នៅពេលដែលប្រទេសកម្ពុជាបន្តដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ ចំណាប់អារម្មណ៍របស់ EAG បានបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញវិស័យឧស្សាហកម្ម និងកសិឧស្សាហកម្មរបស់ប្រទេសកម្ពុជា។ រដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមអំពីការបង្កើតបរិយាកាសអំណោយផលដែលនឹងលើកទឹកចិត្តដល់ការវិនិយោគស្រដៀងគ្នានេះ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
- Video Advertisement -