ក្រុមហ៊ុនអចលនទ្រព្យយក្សសិង្ហបូរី នឹងសាងសងសង់រោងចក្រសូឡាអានុភាព ២០០MW នៅកំពង់ស្ពឺ

ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរីខ្នាតយក្ស ហុងឡៃហួត គ្រុប និងក្រុមហ៊ុនចិន China Machinery Engineering Corp (CMEC) បានសហការគ្នាគ្រោងវិនិយោគសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យអានុភាព ២០០មេហ្គាវ៉ាត់នៅទីក្រុងអភិវឌ្ឍចម្រុះ ឱរ៉ាលអេកូស៊ីធី (Aoral Eco-City) ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារួចហើយ ដើម្បីបង្កើតក្រុមហ៊ុនរួមគ្នាមួយសម្រាប់អនុវត្តផែនការនេះរយៈពេលយ៉ាងហោច ២០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Renewables Now

អគ្គនាយកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហុងឡៃហួត គ្រុប លោក Ong Jia Jing បានប្រាប់ថា គម្រោងនេះនឹងចំណាយទុនសរុបប្រមាណ ២០០លានដុល្លារអាមេរិក ដោយក្រោយបញ្ចប់ការសាងសង់គម្រោងនេះនឹងក្លាយជារោងចក្រសូឡាធំជាងគេបំផុតនៅកម្ពុជា។

យោងតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនចិន China Machinery Engineering Corp (CMEC) នឹងជាអ្នកចាត់ចែងគម្រោង រួមមានការសិក្សាផែនការ ការងារវិស្វកម្មលទ្ធកម្មសំណង់ ហិរញ្ញប្បទានប្រតិបត្តិការ ក៏ដូចជាការថែទាំជាដើម។

ក្រោយបញ្ចប់ការសាងសង់ ថាមពលនឹងត្រូវលក់ឱ្យអគ្គិសនីកម្ពុជា ហើយចំណូលនឹងត្រូវបែងចែករវាងក្រុមហ៊ុនទាំង ២។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហុងឡៃហួត គ្រុប ជាក្រុមហ៊ុនសិង្ហបូរីដែលដើរតួរយ៉ាងសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យ និងកសិកម្មនៅកម្ពុជា ដោយកន្លងមកបាននឹងកំពុងអភិវឌ្ឍគម្រោងជាច្រើនដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសកសិកម្មតម្លៃជាង ១ពាន់លានដុល្លារនៅកំពង់ស្ពឺ គម្រោង D’Seaview នៅក្រុងព្រះសីហនុ និងគម្រោង Royal Platinum នៅភ្នំពេញជាដើម។

កាលពីខែមីនា កន្លងមកនេះ ក្រុមហ៊ុនក៏ទើបទទួលបានការអនុម័តពីរដ្ឋាភិបាលកម្ពុជាបង្កើតគម្រោងអភិវឌ្ឍចម្រុះឱរ៉ាលអេកូស៊ីធី ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ផងដែរ។

ទីក្រុងនេះនឹងត្រូវបានអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកសិកម្មតម្លៃជាងមួយពាន់លានដុល្លាររបស់ខ្លួន ដោយនឹងរួមមានការអភិវឌ្ឍអចលនទ្រព្យប្រើប្រាស់ចម្រុះ ឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលដឹកជញ្ចូនផលិតផលឧស្សាហកម្ម និងកសិកម្មផងដែរ ។

គម្រោងនេះរំពឹងថា នឹងទាក់ទាញបានទឹកប្រាក់វិនិយោគប្រមាណ ១០ពាន់លានដុល្លារអាមេរិក ពិសេសពីប្រទេសសិង្ហបូរី។

- Video Advertisement -