ក្រុមហ៊ុន ២ និង USAID វិនិយោគរួមគ្នា បង្កើតហេដ្ឋារចនាសម្ព័ន្ធច្រវាក់ផ្គត់ផ្គង់ត្រជាក់នៅកម្ពុជា
ទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រុមហ៊ុនក្នុងស្រុកចំនួន២ បានបោះទុនវវិនិយោគរួមគ្នា ដើម្បីវិនិយោគរួមគ្នាលើហេដ្ឋារចនាសម្ព័ន្ធច្រវាក់ផ្គត់ផ្គង់ត្រជាក់ (cold chain) សម្រាប់ផ្ទុក និងដឹកជញ្ជូនផលិតផលកសិកម្មនៅកម្ពុជា។
បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID កាលថ្ងៃទី២៣ ខែកុម្ភៈ USAID បានធ្វើការបោះទុនវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុន Khmer Cold Chain និងក្រុមហ៊ុន Amru Rice។
ភាគីទាំង ៣ នឹងរួមគ្នាបង្កើតកន្លែងទុកដាក់ត្រជាក់ ក៏ដូចសេវាកម្មដឹកជញ្ជូនដោយគ្រប់គ្រងសីតុណ្ហភាព ដោយជំហានដំបូងនឹងធ្វើការឡើងជាការសាកល្បង។
ការសហការមានរយៈពេល២ឆ្នាំ ដោយក្រុមហ៊ុន Khmer Cold Chain នឹងវិនិយោគ១លានដុល្លារ បូកនឹងទុន USAID ១លានដុល្លារទៀត ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូនត្រជាក់។
ដោយឡែក ក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនផលិតចំណីអាហារនិងនាំចេញកសិផល នឹងវិនិយោគ ៦សែនដុល្លារ បូកនិងទុនUSAID ៤សែនដុល្លារទៀត ដើម្បីបង្កើតបន្ទប់រក្សាទុកត្រជាក់នៅជិតការិយាល័យកណ្តាលរបស់ខ្លួន និងនៅជិតបណ្តាសហគមន៍អភិវឌ្ឍន៍កសិកម្ម។
គួរបញ្ជាក់ថា គម្រោងនេះមានទិសដៅអភិឌ្ឍសេដ្ឋកិច្ចគ្រួសារកសិករតាមទីជនបទ ដែលងាយរងគ្រោះពីកង្វះសន្តិសុខស្បៀង។

