ក្រុមហ៊ុន​ Bentley Systems៖ បច្ចេកវិទ្យា Digital Twin ជំរុញការអភិវឌ្ឍដោយចីរភាព ក្នុងទិវាវិស្វកម្មពិភពលោក

អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានបង្កើតទិវាវិស្វកម្មពិភពលោកក្នុងឆ្នាំ ២០១៩ ដើម្បីទទួលស្គាល់តួនាទីរបស់វិស្វករ និងការងារវិស្វកម្មសាកល ក្នុងការបង្កើតពិភពលោកដែលប្រសើរជាងមុន និងការរស់នៅប្រកបដោយនិរន្តរភាពរបស់សង្គមមនុស្ស។ ក្នុងខួបលើកទី០៤នៃទិវានេះ ក្រុមហ៊ុន Bentley Systems បានរំលឹកពីការចែករំលែក និងការរួមចំណែកក្នុងដំណើរវិស្វកម្មប្រកបដោយចីរភាពរបស់ខ្លួន នៅលើទំព័រហ្វែសប៊ុកផ្លូវការ កាលពី ០៤ ខែ មីនា ឆ្នាំ ២០២៤។

ក្នុងបេសកកម្មរួមចំណែកជាមួយអង្គការយូនេស្កូលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងពិភពលោក វិស្វករ និងអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានប្រើបច្ចេកវិទ្យា Digital Twin របស់ក្រុមហ៊ុន​ Bentley Systems ក្នុងការរចនា សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ដែលប្រកបដោយលក្ខណៈទំនើប មានប្រសិទ្ធភាពជាងមុន ព្រមទាំងសន្សំសំចៃទាំងកម្លាំងពលកម្ម ពេលវេលាអនុវត្តគម្រោង និងថវិកាប្រតិបត្តិការគម្រោង ដែលជួយឱ្យអ្នកអនុវត្តសម្រេចបានលទ្ធផលគាប់ប្រសើរជាងមុន និងមានភាពធន់ជាងមុន។ ក្នុងចំណោមគម្រោងដែលបានប្រើបច្ចេកវិទ្យា Bentley Systems និងបានរួមចំណែកក្នុងគោលដៅការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិទាំងនោះ រួមមានគម្រោងធំៗខាងក្រោម៖

គម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសអ៊ីតាលី៖ ការអនុវត្តគម្រោងនេះ វិស្វករកំពុងសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យនៅទូទាំងប្រទេសអ៊ីតាលី ដែលនឹងមានសមត្ថភាពផលិតថាមពលកកើតឡើងវិញបានរហូតដល់ទៅ ២ ជីហ្គាវ៉ាត់។ ជាលទ្ធផល កម្មវិធី Digital Twin បានជួយភាគីពាក់ព័ន្ធក្នុងគម្រោង ឱ្យយល់ដឹងពីការរចនាគម្រោង និងកាត់បន្ថយតម្រូវការសម្រាប់ការធ្វើដំណើរនៅទីតាំងគម្រោង និងជួយបង្កើនការផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសអ៊ីតាលី ១០ %។

គម្រោងដោះស្រាយបញ្ហាកង្វះខាតទឹក និងកសិកម្មប្រកបដោយនិរន្តរភាព៖ គម្រោង Megaproject EchoWater របស់រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក បានដោះស្រាយបញ្ហាខ្វះខាតទឹកនៅតំបន់ជ្រលង Sacramento Valley ដោយធ្វើឱ្យប្រសើរឡើងនូវកន្លែងប្រព្រឹត្តកម្មទឹកកខ្វក់។ ដោយប្រើកម្មវិធី Digital Twin វិស្វករគម្រោង បានរៀបចំផែនការយ៉ាងល្អិតល្អន់ និងគ្រប់គ្រងគម្រោងរចនានិងសាងសង់បានដល់ទៅចំនួន ២២គម្រោង ជាមួយនឹងលទ្ធផលប្រកបដោយភាពជោគជ័យ។

គម្រោងស្ពាន South Dock របស់ទីក្រុងឡុងដ៍៖ ស្ពានដ៏សម្បើមនេះ ត្រូវបានរចនាឡើងដើម្បីកែលម្អការតភ្ជាប់ទីក្រុង និងដើម្បីជំរុញការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ ការធ្វើផែនការ និងការរចនាដោយប្រើកម្មវិធីឌីជីថល បានកាត់បន្ថយការបំភាយកាបូនចេញពីសកម្មភាពគម្រោង និងអនុញ្ញាតឱ្យមានការថែទាំយ៉ាងសកម្មដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

ការរៀបចំផែនការទីក្រុងឆ្លាតវៃក្នុងរដ្ឋធានីប៉េកាំង៖ ស្រុក Chaoyang ភាគឦសាននៃទីក្រុងប៉េកាំង ខ្វះមធ្យោបាយធ្វើដំណើរសាធារណៈគ្រប់គ្រាន់។ ជាការឆ្លើយតប វិស្វករបានប្រើប្រាស់កម្មវិធី Digital Twin ដើម្បីកែលម្អជម្រើសនៃការធ្វើដំណើរ និងព្យាករពីតម្រូវការ និងលំហូរចរាចរណ៍នៅតំបន់ West Dongba ដែលជាតំបន់កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។

តាមរយៈផលបត្រគម្រោងធំៗខាងលើ យើងមើលឃើញថា បច្ចេកវិទ្យា Digital Twin របស់ក្រុមហ៊ុន Bentley Systems គឺជាបច្ចេកវិទ្យាឈានមុខ នឹងមានមុខងារបម្រើពហុវិស័យក្នុងផ្នែកគ្រប់គ្រងសំណង់ ពោលគឺមិនត្រឹមតែមានអនុវត្តភាពក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ថែមទាំងអាចប្រើសម្រាប់វិស័យពាក់ព័ន្ធផ្សេងទៀត ជាពិសេសក្នុងគម្រោងស្ថានីយថាមពលធំៗ ជាក់ស្តែងដូចមានក្នុងករណីគម្រោងស្ថានីយថាមពលពន្លឺព្រះអាទិត្យនៅអ៊ីតាលីជាដើម ក៏អាចប្រើបច្ចេកវិទ្យានេះបានផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]