ក្រុមហ៊ុន Hong Leong បង្ហាញបំណងចង់វិនិយោគបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូនៅកម្ពុជា
ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. មានបំណងចង់វិនិយោគបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជានាពេលខាងមុខនេះ ខណៈបច្ចុប្បន្នតំណាងក្រុមហ៊ុននេះ បានមកជួបពិភាក្សាអំពីគម្រោងនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ។
បំណងនេះ បានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះ តំណាងក្រុមហ៊ុន បានឱ្យដឹងថា ដោយមានការជឿជាក់លើរដ្ឋាភិបាលកម្ពុជា កន្លងមកក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ នៅពេលនេះ លោកថា ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. ក៏មានបំណងចង់បង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ក្រុមហ៊ុន ខណៈឯកឧត្តមក៏ប្រាប់ពីស្ថានភាពគម្រោងផ្គុំដំទ្បើងទោចក្រយានយន្តមួយចំនួនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និងរបបលើកទឹកចិត្តដល់គម្រោងវិនិយោគផ្គុំ និងដំទ្បើងទោចក្រយានយន្ត។ ឯកឧត្តមបន្ថែមថា សក្តានុពលវិនិយោគក្នុងវិស័យមួយចំនួនផ្សេងទៀត ដូចជា៖ វិស័យកសិ-ឧស្សាហកម្ម, ការផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំអគ្គិសនីដែលជាកន្សោមឧស្សាហកម្ម ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការផលិតគ្រឿងសង្ហារិមផងដែរ។ទាំងអស់នេះសុទ្ធសឹងតែជាវិស័យសក្ដានុពល ដែលក្រុមហ៊ុនអាចគិតគូរពិចារណាបន្តបណ្តាក់ទុនវិនិយោគបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha នៅប្រទេសម៉ាទ្បេស៊ីតាំងពីឆ្នាំ១៩៧៩ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Group ដែលមានសកម្មភាពអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ, កម្មន្តសាល, ការអភិវឌ្ឍអចលនទ្រព្យ, បដិជសណ្ឋារកិច្ចជាដើម៕
ពាក់ព័ន្ធនឹងផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Hong Leong នៅកម្ពុជា កន្លងមក Hong Leong Manufacturing Group(HLMG) ដែលមានជំនាញផ្នែកអចលនទ្រព្យឈានមុខគេមួយ ក៏ធ្លាប់បានបង្ហាញពីបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលមួយចំនួននៅកម្ពុជាផងដែរ។ (អានបន្ថែម)


- Video Advertisement -