ក្រុមហ៊ុន Jardine របស់ហុងកុង ចង់វិនិយោគលើវិស័យអចលនទ្រព្យរបស់កម្ពុជា
ក្រុមហ៊ុន Jardine Matheson នៅទីក្រុងហុងកុង ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើសក្ដានុពលនៃវិស័យអចលនទ្រព្យរបស់កម្ពុជា ដោយបានបញ្ជាក់ពីផែនការចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យមួយនេះនៅកម្ពុជានាពេលខាងមុខនេះផងដែរ។
នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Elton Chan នាយកក្រុមហ៊ុន Jardine Matheson នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនោះ លោក Elton Chan បានឱ្យដឹងថា ជំនួបនេះ គឺដើម្បីផ្លាស់ប្ដូរយោបល់យ៉ាងផុលផុសអំពីសក្ដានុពលរបស់ប្រទេសកម្ពុជា ខណៈលោកបានមើលឃើញអំពីចំណុចប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួនគឺការប្រើប្រាស់រូបិយប័ណ្ណដុល្លារ និងការបើកចំហរទទួលការវិនិយោគលើគ្រប់វិស័យ។ លោក បានបញ្ជាក់ថា លោកពិតជាចាប់អារម្មណ៍លើវិស័យយានយន្តអគ្គិសនី និងសក្ដានុពលនៃវិស័យអចលនទ្រព្យ ដោយចង់ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យអាទិភាពទាំងនេះ។
ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន រីឯគោលនយោបាយលើវិស័យនេះគឺជាចំណុចអាទិភាពដែលរាជរដ្ឋាភិបាលកំពុងរៀបចំដើម្បីជំរុញលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម ក៏បានស្នើសុំឱ្យលោក Elton Chan បន្តភ្ជាប់ទំនាក់ទំនងជិតស្និតរវាងក្រុមហ៊ុនជាមួយCDC ដើម្បីអាចជួយសម្របសម្រួលចំពោះកិច្ចស្នើសុំវិនិយោគនានាដែលក្រុមហ៊ុនមានបំណងបណ្ដាក់ទុននាពេលអនាគត។
គួរបញ្ជាក់ថា ក្រុមហ៊ុន Jardine Matheson មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៣២ ដោយ William Jardine និង James Matheson។ ក្រុមហ៊ុនបានពង្រីកខ្លួនទៅក្នុងវិស័យផ្សេងៗរួមមាន៖ ការដឹកជញ្ជូន ពាណិជ្ជកម្ម អចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ច វិស្វកម្ម និងហិរញ្ញវត្ថុ ដោយបានក្លាយជាសាជីវកម្មពហុជាតិចំណាស់ជាងគេ និងលេចធ្លោមួយក្នុងមូលដ្ឋានក្រុងហុងកុង៕
- Video Advertisement -