ក្រុមហ៊ុន Medtecs វិនិយោគ ៣លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល
ក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) បានវិនិយោគ ៣លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមលើគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ។
កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៤ ខែមេសា រវាងលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Medtecs លោក Clement Yang និង សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ ក្រោមវត្តមានឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ។
ថវិកាដែលបានមកពីការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្រុមហ៊ុន Medtecs បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ជាមួយនឹងរោងចក្រផលិតដែលធំបំផុតក្នុងស្រុកដែលជម្រុញដល់ការនាំចេញវាយនភណ្ឌវេជ្ជសាស្ត្រ និង ឧបករណ៍ការពារផ្ទាល់ខ្លួន PPE។ ពីឆ្នាំ១៩៩៩ គិតមកដល់សព្វថ្ងៃនេះ មានបុគ្គលិកបម្រើការ ជាង ៤០០០ នាក់នៅរោងចក្រ របស់ខ្លួននៅខេត្តកំពង់ចាម។

