ក្រុមហ៊ុនGM សម្រេចជ្រើសយកកម្ពុជាជាទីតាំងសម្រាប់ដំណើរការរោងចក្រតំឡើងររថយន្តអាមេរិក

ក្រុមហ៊ុន GM បានជ្រើសរើសយកប្រទេសកម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន សម្រាប់ដំណើរការផ្គុំដំឡើងរថយន្តទំនើបប្រភេទភីកអាប់ ហ្សេវរ៉ូឡេ ខូឡូរ៉ាដូ (Chevrolet Colorado)។ នេះបើយោងតាមពិធីសម្ពោធរថយន្តប្រភេទខាងលើ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានសាទរ ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ក្នុងការសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យមួយនេះ ខណៈឯកឧត្តម ក៏ថ្លែងអំណរគុណចំពោះក្រុមហ៊ុន GM ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ដែលជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានដែលត្រូវបានជ្រើសរើស និងទទួលបានសិទ្ធិពិសេសពីក្រុមហ៊ុន GM ក្នុងការផ្គុំដំឡើងរថយន្ត Chevrolet។

ឯកឧត្តម ក៏បានលើកឡើងនូវយុទ្ធសាស្ត្រចម្បងចំនួនពីរ សម្រាប់ឱ្យក្រុមហ៊ុនធ្វើការពិចារណា ដែលយុទ្ធសាស្ត្រទី១៖ ការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងទី២៖ សូមឱ្យក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ចូលរួមជំរុញធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំការនាំចេញទាំងផលិតផលរថយន្ត និងទាំងគ្រឿងបង្គុំរថយន្ត។ ឯកឧត្តម បន្តប្តេជ្ញាចិត្តក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយដែលមានភាពអំណោយផល និងអាចប៉ាន់ប្រមាណទុកជាមុនបាន ខណៈឯកឧត្តម រំពឹងថា កម្ពុជាសម្រេចបានការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម ១៩% គឺជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជា។

គួរបញ្ជាក់ថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ធីអេច អូតូម៉ូជីវ មេនូហ្វេកឆឺរីង ឯ.ក និងក្រុមហ៊ុន ចេណីរល ម៉ូទ័រ បានចុះហត្ថលេខាផ្តល់សិទ្ធិផ្តាច់មុខតម្លើងរថយន្ត ហ្សេវរ៉ូឡេនៅកម្ពុជា។

បើតាមពិធីសម្ពោធរថយន្តខាងលើ បានឱ្យដឹងថា ក្រុមហ៊ុន ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង គឺទទួលបានសិទ្ធពីក្រុមហ៊ុន GM ក្នុងការសាងសង់រោងចក្រតម្លើងរថយន្តទំនើប និងជួយជម្រុញដល់ការផលិត និងចែកចាយនៅក្នុងតំបន់កាន់តែរីកចម្រើននាពេលអនាគត។ រោងចក្រនេះ គ្រោងបោះទុន ១៩លានដុល្លារ ដើម្បីដំណើរការរោងចក្រ តម្លើងរថយន្ត ដែលអាចផលិតឡានចន្លោះពី ១ម៉ឺនដល់១ម៉ឺនពីរពាន់គ្រឿងក្នុងរយៈ ១ឆ្នាំ។

នៅពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនសម្រាប់ការរីកចម្រើនក្នុងវិស័យនេះ ភាពជាដៃគូជាមួយក្រុមហ៊ុន GM ត្រូវបានកំណត់ដើម្បីកែលម្អសមត្ថភាពផលិតកម្ម និងបង្កើតការងារក្នុងស្រុក រួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាប្រើវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញផលិតកម្មរបស់ខ្លួននៅកម្ពុជា

  ក្រុមហ៊ុនភេសជ្ជៈ (កូកា-កូឡា) ដែលជាក្រុមហ៊ុនធំ និ […]