ក្រុមអ្នកវិនិយោគចិន និងកាណាដា ចង់នាំយកបច្ចេកវិទ្យាទំនើបៗមកវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា
គណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន ចង់នាំយកដំណោះស្រាយបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន មកវិនិយោគលើវិស័យកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។
នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក Lang Wangkai តំណាងក្រុមហ៊ុននបច្ចេកវិទ្យាមួយរបស់ចិន បានចែករំលែកបទពិសោធន៍ពីប្រទេសចិនក្នុងការប្រែក្លាយជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា តាមរយៈ ៣ ដំណាក់កាលគឺ៖ ការរៀនសូត្រ ការកែតម្រូវតាមបរិបទក្នុងស្រុក (localization) និងការអភិវឌ្ឍបច្ចេកវិទ្យា។
លោកបានលើកឡើងថា យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជាស្របទៅនឹងជំនាញរបស់ប្រទេសចិន ពិសេសទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្ររូបធាតុ និងបច្ចេកវិទ្យាទំនើបផ្សេងទៀត។
ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជាគឺជាទីផ្សារកំពុងរីកចម្រើន និងមិនល្អឥតខ្ចោះទេ ដែលកំពុងពង្រឹងវិស័យគាំទ្រចាំបាច់ ដូចជាការអភិវឌ្ឍជំនាញ ការកាត់បន្ថយថ្លៃឡូជីស្ទីក និងថ្លៃថាមពលជាដើម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈប្រតិភូនាំយកបច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន មកកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ការវិនិយោគបន្ថែម ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលក៏អាចរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យអាទិភាពជាក់លាក់ណាមួយផងដែរ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសមាគម APASME បង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើពូជដំណាំដែលធន់នឹងអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ ព្រមទាំងវិនិយោគលើការផលិតទំនិញដែលមានបន្ថែមតម្លៃខ្ពស់ ដូចជាគ្រឿងទេស ផលិតផលវេចខ្ចប់ ឬស្រាអង្ករប្រណិត ដោយទាញយកអត្ថប្រយោជន៍ពីកេរ្តិ៍ឈ្មោះដែលអង្ករកម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក។



- Video Advertisement -