ក្រោយផ្លូវដែកដំណើរការឡើងវិញ តើវិស័យនេះវិវត្តដល់ណាហើយ?

ផ្លូវដែកកម្ពុជាមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដោយខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ​ព្រំដែនថៃមានប្រវែង ៣៨៦គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ចន្លោះពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ និងផ្លូវដែកភាគខាងត្បូងពីភ្នំពេញទៅខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពតមានប្រវែង ២៦៤គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៩។

ប៉ុន្តែរថភ្លើងទាំង២​ខ្សែនេះត្រូវបានទុកចោលជាង ៤ទសវត្សមកហើយ ចាប់ពីក្រោយឆ្នាំ ១៩៧០ បន្ទាប់ពីប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល ហើយបានដំណើរការឡើងវិញនៅចុងឆ្នាំ​២០១០ ដែលប្រើសម្រាប់តែការដឹកជញ្ជូនទំនិញតាមផ្លូវដែកប៉ុណ្ណោះ។

ក្រោយមក ការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងក៏ចាប់ផ្តើមឡើងវិញ បន្ទាប់ពីរថភ្លើងកម្ពុជាបានប្រើក្បាលរថភ្លើងថ្មីពីប្រទេសម៉ិចស៊ីកូ និង បាននាំចូលក្បាលរថភ្លើងពីប្រទេសម៉ាឡេស៊ីចំនួន ១០គ្រឿង ហើយកំពុងដំណើរការរត់ទៅទិសខាងជើងថែមទៀត។

បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០១៩ អ្នកដំណើរសរុបដែលបានធ្វើដំណើរតាមផ្លូវដែកមានចំនួនប្រមាណ ២១.០០០ នាក់។ ក្នុងនោះអ្នកដែលបានធ្វើដំណើរតាមខ្សែរថភ្លើង​ភ្នំពេញ-ព្រះសីហនុ កាត់តាមខេត្តកំពត​មាន​ចំនួន​ច្រើនជាងគេ គឺប្រមាណ ១៦.០០០ នាក់ នេះមិននិយាយដល់​បរិមាណដឹកទំនិញដែលមានចំនួនសរុបដល់ទៅជាង ៧៥០.០០០ តោនក្នុង​រយៈ​ពេល​ដូចគ្នា។

បច្ចុប្បន្ន សេវារថភ្លើង​នេះរត់តែចុងសប្តាហ៍ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យទៅកាន់ខេត្តភាគខាងត្បូងដោយសារតែតម្រូវការទេសចរណ៍។ គេត្រូវប្រើពេលរត់៨ម៉ោង និងសំបុត្រថ្លៃ ៧ដុល្លារ។

ក្នុងនោះអ្នកដំណើរជាច្រើន ក៏និយមផ្ញើម៉តូ កង់ ឬ ឡានដាក់​លើ​រថភ្លើង ដែល​តម្លៃចាប់ពី ៥ដុល្លារ ដល់១៤ដុល្លារ ដើម្បីទៅលំហែនៅខេត្តតំបន់សមុទ្រ ពិសេស​ខេត្តកំពតដែលមានតំបន់​អេកូទេសចរណ៍ល្បីៗ ដោយអ្នកវិនិយោគក្នុងស្រុក​ជាច្រើន​ដូចជា ឧទ្យានដងព្រែក សហគមន៍ត្រពាំងសង្កែ អន្លង់ព្រីង រមណីយដ្ឋានក្តាតសាណាកា ឆ្នេរភ្នំដូង ឬ ដូងទេរជាដើម ខណៈ ពេលថ្មីៗនេះ រមណីយដ្ឋានមួយឈ្មោះថា KC Adventure ក៏បានសម្រេចចិត្ត​យកទឹកដីស្រុកឈូក ខេត្តកំពត លើផ្ទៃដីទំហំ ១០០ហិចតា ប្រើទុនប្រមាណ ២០លាន​ដុល្លារ វិនិយោគទៅជា​​តំបន់​អេកូទេសចរណ៍៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]