ខណៈចិនកំពុងក្តោបក្តាប់ភាគច្រើនលើទីផ្សារអចលនទ្រព្យ ផ្ទុយពីជប៉ុននៅតែបន្តអនុត្តរភាពក្នុងទីផ្សារសេដ្ឋកិច្ចធំៗនៅអាស៊ាន

ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅតែផ្តោតលើឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ សំណង់ និងអចលនៈទ្រព្យ ជាពិសេសតែផ្តោតក្នុងសេដ្ឋកិច្ចដែលមិនសូវមានការអភិវឌ្ឍន៍ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ភាពលេចធ្លោនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យទាំងនេះ មិនបានសាងអនុត្តរភាពអ្វីថ្មីនៅក្នុងតំបន់អាស៊ាននោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការបំពេញបន្ថែមជាជាងការប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចអាស៊ីបូព៌ាជិតខាងដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ ដោយស្រាវជ្រាវចិន Guanie Lim និង Chengwei Xu (2024) ដែលត្រូវបានចុះផ្សាយលើសារៈព័ត៌មាន ThinkChina នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។

របាយការណ៍ស្រាវជ្រាវដដែលបានបង្ហាញទិន្នន័យលម្អិតពីប្រភពសំខាន់ៗចំនួនបួន បានគ្របដណ្តប់លំហូរ FDI ចូលទៅក្នុងតំបន់អាស៊ានរវាងឆ្នាំ ១៩៩៥ និង២០១៨ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។ ការសិក្សានេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននៅតែបន្តមានវត្តមានយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសថៃ ដែលពួកគេបានគ្រប់គ្រងលើវិស័យផលិតកម្មរថយន្ត។ ខណៈដែលការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងតំបន់អាស៊ាន បានកើនឡើងតាមរយៈគម្រោងធំៗមួយចំនួន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ជាដើម ប៉ុន្តែប្រទេសជប៉ុននៅតែរក្សាបាននូវគោលជំហរសេដ្ឋកិច្ចខ្លាំងជាងគេ។

ជាឧទាហរណ៍ ក្នុងចំណោម FDI សរុបរបស់ជប៉ុន មាន ៤៩,២៣% ទៅហើយដែលជប៉ុនបានផ្តោតលើវិស័យកម្មន្តសាល បើប្រៀបធៀបទៅនឹង FDI របស់ប្រទេសចិនដែលច្រើនតែមាននិន្នាការទៅរកវិស័យសំណង់ និងអចលនទ្រព្យ។ កូរ៉េខាងត្បូង និងតៃវ៉ាន់ ហាក់ដូចជាមាននិន្នាការវិនិយោគស្រដៀងគ្នានឹងជប៉ុន ដោយបានវិនិយោគ ៣៦,៦៩% និង ៤៦,១៩% នៃ FDI រៀងៗខ្លួនក្នុងវិស័យកម្មន្តសាល ហើយមានចំណែកវិនិយោគតែប្រហែល ១០% ប៉ុណ្ណោះ សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ។

លំហូរ FDI របស់ជប៉ុនទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យអាស៊ាន គឺមានត្រឹមតែ ១,៩% តែប៉ុណ្ណោះ ដែលតួលេខនេះបង្ហាញពីចំណាប់អារម្មណ៍ផ្ទុយគ្នាដូចមេឃនិងដីរវាងFDI របស់ចិននិងជប៉ុន។ ដូចគ្នាដែរ លំហូរ FDI របស់កូរ៉េនិងតៃវ៉ាន់ទៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅក្នុងទីផ្សារអាស៊ាន គឺមាន ៨,១% និង៨,៣៣%រៀងគ្នា ដែលជាចំណែកទាបមែនទែនធៀបនឹងវិស័យផ្សេងទៀត។

ជាឧទាហរណ៍ជាក់ស្តែង ទោះបីជាក្នុងទីផ្សារហាក់មានការប្រកួតប្រជែងខ្លាំងក៏ដោយ ដូចជានៅក្នុងករណីនៃគម្រោងរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលវិនិយោគិនចិន បានឈ្នះភាគីជប៉ុនក្នុងការដេញថ្លៃលើគម្រោងវិនិយោគនេះមែនក៏ដោយ ក៏ប៉ុន្តែទិន្នន័យស្តីពីការវិនិយោគដោយផ្ទាល់ពីបរទេសជារួម បង្ហាញថាការវិនិយោគរបស់ចិននៅតែប្រមូលផ្តុំជាចម្បងតែនៅក្នុងទីផ្សារដែលមិនសូវចាស់ទុំ (Less Mature Market) ។

ចំណាប់អារម្មណ៍ផ្នែក FDI របស់ប្រទេសចិនភាគច្រើនតែក្នុងវិស័យហិរញ្ញវត្ថុ សំណង់ និងអចលនទ្រព្យ បានកាត់បន្ថយភាពប្រកួតប្រជែងដោយផ្ទាល់ជាមួយដៃគូប្រកួតប្រជែងមកពីអាស៊ីបូព៌ាដូចគ្នារបស់ខ្លួន ដោយអនុញ្ញាតឱ្យប្រទេសទាំងនេះរក្សាជំហរលេចធ្លោរបស់ពួកគេនៅក្នុងទីផ្សារអភិវឌ្ឍន៍ធំៗនៅអាស៊ាន ដូចជានៅសិង្ហបុរី ម៉ាឡេស៊ី និងថៃជាដើម។

រឿងសំខាន់ដែលត្រូវកត់សម្គាល់ចេញពីការសិក្សាថ្មីនេះ គឺថា ទិដ្ឋភាព FDI នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងវិវឌ្ឍ ដោយមានតួអង្គថ្មីកំពុងលេចឡើងនៅក្នុងទីផ្សារ ខណៈដែលអ្នកវិនិយោគិនដែលមានស្រាប់ ​កំពុងខំពង្រីកសក្តានុពលរបស់ខ្លួន។ ការយល់ដឹងអំពីសក្ដានុពលនៃលំហូរ FDI ពីប្រភពសំខាន់ៗទាំងនេះគឺមានសារៈសំខាន់សម្រាប់អ្នកបង្កើតគោលនយោបាយ និងអ្នករកស៊ីក្នុងវិស័យពាក់ព័ន្ធ ព្រោះវាផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះនិន្នាការ និងឱកាសវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]