ខេត្តមណ្ឌលគិរីទទួលបានជំនួយពីពលរដ្ឋជប៉ុនដើម្បីអនុវត្តផែនការស្តង់ដារសុវត្ថិភាពកម្មករសំណង់

ពលរដ្ឋជប៉ុនបានឧបត្ថម្ភថវិកាសម្រាប់បើកវគ្គបណ្តុះបណ្តាលស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច ដើម្បីគាំពារសុខមាភាពកម្មករក្នុងវិស័យសំណង់នៅក្នុងខេត្តមណ្ឌលគីរី។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរការងារខេត្តមណ្ឌលគិរី សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា នៃអង្គការពលកម្មអន្តរជាតិ។

លោក កែវ ធួន អនុប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិស័យសំណង់ គឺជាវិស័យមួយដែលលូតលាស់ខ្លាំង ខណៈកម្ពុជា កំពុងយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាព និងសុខភាពរបស់កម្មករក្នុងវិស័យនេះផងដែរ។

លោកបន្តថា គម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ គឺក្រោមការឧបត្ថម្ភថវិកាពីប្រជាជនជប៉ុន។

លោកបន្តថា យោងតាមការធ្វើជំរឿនសហគ្រាសឆ្នាំ២០២២ បានឲ្យដឹងថា ខេត្តមណ្ឌលគិរី មានសហគ្រាសតូច និងមធ្យមនៅទូទាំងខេត្ត សរុបចំនួន ១៧៤សហគ្រាស ដែលផ្តល់ការងារសរុប ៤,៨៥១នាក់។ ហេតុនេះ តាមរយៈគម្រោងនេះដែរ លោកថា នឹងក្លាយជាវិធីសាស្ត្រមួយក្នុងការធ្វើការចែករំលែកបទពិសោធន៍ ដែលមានអត្ថប្រយោជន៍សម្រាប់ការដ្ឋាន និងសម្រាប់កម្មករ ដែលធ្វើការងារនៅក្នុងវិស័យសំណង់ឲ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធគម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពនៅតាមការដ្ឋានសំណង់នេះដែរ។ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ក៏បានប្រកាសផ្សព្វផ្សាយជាផ្លូវការនូវគោលការណ៍ណែនាំថ្មីស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីសង្គ្រោះជីវិតនៅតាមការដ្ឋានសំណង់នានានៅកម្ពុជាផងដែរ៕​ (អានបន្ថែម)

- Video Advertisement -